ប៊ូរុនឌីរៀបចំការបោះឆ្នោតព្រឹទ្ធសភា
AKP ភ្នំពេញ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ -- ក្រុមប្រឹក្សាស្រុកដែលជាប់ឆ្នោតក្នុងអំឡុងការបោះឆ្នោតនៅថ្ងៃទី៥ ខែមិថុនារបស់ប្រទេសប៊ូរុនឌីបានទៅបោះឆ្នោតកាលពីថ្ងៃពុធ ដើម្បីជ្រើសរើសសមាជិកព្រឹទ្ធសភាចំនួន ១០រូប ដែលមាន ២រូបមកពីខេត្តនីមួយៗក្នុងចំណោមខេត្តទាំង ៥របស់ប្រទេស។
យោងតាមរដ្ឋធម្មនុញ្ញប្រទេសប៊ូរុនឌី បានឱ្យដឹងថា ខេត្តនីមួយៗមានសមាជិកព្រឹទ្ធសភាម្នាក់មកពីក្រុមជនជាតិភាគតិច Hutu និងម្នាក់មកពីក្រុមជនជាតិភាគតិច Tutsi ។ លើសពីនេះ សមាជិកព្រឹទ្ធសភាចំនួន ៣រូបនឹងត្រូវជ្រើសរើសរួមគ្នាដែលនាំឱ្យចំនួនសមាជិកព្រឹទ្ធសភាសរុបដល់ទៅ ១៣រូបសម្រាប់អាណត្តិ ៥ឆ្នាំខាងមុខ។
នៅក្នុងខេត្តចំនួនបួនគឺ ខេត្តប៊ូជុមប៊ូរ៉ា ខេត្តប៊ូរុនហ្គា ខេត្តប៊ូតាន់យេរ៉េរ៉ា និងខេត្តហ្គីតេហ្គា អ្នកចូលរួមបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភាគឺមាន ១០០% ខណៈដែលនៅក្នុងខេត្តប៊ូហ៊ូមូហ្សា សមាជិកក្រុមប្រឹក្សាស្រុកចំនួន ១៧៤នាក់ក្នុងចំណោម ១៧៥នាក់បានចូលរួមក្នុងការបោះឆ្នោត។
ការរាប់សន្លឹកឆ្នោតបានធ្វើឡើងបន្ទាប់ពីការបិទប្រតិបត្តិការបោះឆ្នោត ដោយក្រុមប្រឹក្សាជាតិការពារលទ្ធិប្រជាធិបតេយ្យ (CNDD-FDD) ដែលកំពុងកាន់អំណាចទទួលបានអាសនៈទាំង១០អាសនៈក្នុងខេត្តទាំង៥ ដូចដែលបានរាយការណ៍ដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។
ក្នុងអំឡុងពេលនៃការបោះឆ្នោតនីតិបញ្ញត្តិ និងការបោះឆ្នោតថ្នាក់ស្រុករួមគ្នាដែលបានធ្វើឡើងនៅថ្ងៃទី៥ ខែមិថុនា ក្រុមប្រឹក្សា CNDD-FDD ទទួលបានជ័យជម្នះដ៏លើសលប់ ដោយឈ្នះភាគច្រើននៃអាសនៈចំនួន ១.០៥០អាសនៈនៅក្នុងក្រុមប្រឹក្សាស្រុក។
ប្រទេសប៊ូរុនឌីគ្រោងនឹងរៀបចំការបោះឆ្នោតថ្នាក់ភូមិនៅថ្ងៃទី២៥ ខែសីហា។ ការបោះឆ្នោតប្រធានាធិបតីបន្ទាប់គឺគ្រោងសម្រាប់ឆ្នាំ២០២៧៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





