ប្រធានាធិបតីរវ៉ាន់ដាតែងតាំងនាយករដ្ឋមន្ត្រីថ្មី
AKP ភ្នំពេញ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ -- ប្រធានាធិបតីរវ៉ាន់ដា លោក ភូល កាហ្គាមេ (Paul Kagame) បានតែងតាំងលោក ចាស្ទីន សេនជីយូមវ៉ា (Justin Nsengiyumva) ជានាយករដ្ឋមន្ត្រីថ្មីកាលពីថ្ងៃពុធ ដោយបានបើកផ្លូវសម្រាប់ការបង្កើតគណៈរដ្ឋមន្ត្រីថ្មី។
យោងតាមសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយការិយាល័យអ្នកនាំពាក្យរបស់រដ្ឋាភិបាល បានឱ្យដឹងថា លោក សេនជីយូមវ៉ា ដែលបម្រើការជាអភិបាលរងនៃធនាគារជាតិប្រទេសរវ៉ាន់ដា បានជំនួសលោក អេឌូអាដ ជីរេនតេ (Edouard Ngirente) ដែលបានធ្វើជានាយករដ្ឋមន្ត្រីចាប់តាំងពីឆ្នាំ២០១៧ ហើយត្រូវបានបណ្តេញចេញកាលពីថ្ងៃពុធ។
នៅក្នុងការប្រកាសនៅលើបណ្ដាញសង្គមអ៊ិច លោក សេនជីយូមវ៉ា បានថ្លែងអំណរគុណដល់ប្រធានាធិបតីសម្រាប់ការជឿទុកចិត្តលើរូបលោក ដោយលោកបានសន្យាថានឹងបម្រើប្រទេសដោយភាពម៉ឺងម៉ាត់ និងការយកចិត្តទុកដាក់។
លោកបាននិយាយថា «ខ្ញុំប្រកាន់ខ្ជាប់នូវទំនួលខុសត្រូវដែលបានប្រគល់ឱ្យខ្ញុំយ៉ាងពេញលេញ ហើយនៅតែប្តេជ្ញាចិត្តក្នុងការជំរុញអាទិភាពជាតិរបស់យើងប្រកបដោយភាពស្មោះត្រង់ និងគោលបំណង។ ខ្ញុំនឹងផ្តល់អ្វីៗទាំងអស់ដែលខ្ញុំមាននៅក្នុងខ្លួនដើម្បីជួយលោកប្រធានាធិបតី សម្រេចបាននូវចក្ខុវិស័យដ៏អស្ចារ្យសម្រាប់ប្រទេសនេះ» ។
យោងតាមរដ្ឋធម្មនុញ្ញរបស់ប្រទេសរវ៉ាន់ដាបានឱ្យដឹងថា ការតែងតាំងនាយករដ្ឋមន្ត្រីថ្មីបានត្រួសត្រាយផ្លូវសម្រាប់ការបង្កើតគណៈរដ្ឋមន្ត្រីថ្មីក្នុងរយៈពេល ១៥ថ្ងៃ៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





