ស៊ូដង់រាយការណ៍ពីករណីជំងឺអាសន្នរោគថ្មីចំនួន ១.៣០៧ករណីក្នុងរយៈពេលមួយសប្តាហ៍
AKP ភ្នំពេញ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ -- ក្រសួងសុខាភិបាលបានប្រកាសកាលពីថ្ងៃអង្គារថាមានករណីជំងឺអាសន្នរោគថ្មីសរុបចំនួន១.៣០៧ករណី រួមទាំងការស្លាប់ចំនួន ១៨នាក់ត្រូវបានរាយការណ៍នៅក្នុងប្រទេសស៊ូដង់ក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះ។
ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែកក្កដា ករណីជំងឺអាសន្នរោគសរុបចំនួន ១.៣០៧ករណីត្រូវបានកត់ត្រា ក្នុងនោះមានអ្នកស្លាប់ចំនួន ១៨នាក់នៅទូទាំង ៣៥តំបន់ក្នុងរដ្ឋចំនួន ១២»។
យោងតាមក្រសួងបានឱ្យដឹងថា តំបន់ Tawila ក្នុងរដ្ឋណសដារហ្វ័រ បានកត់ត្រាចំនួនអ្នកឆ្លងខ្ពស់បំផុតមានចំនួន ៥១៩ករណី ខណៈដែលតំបន់Bileil ក្នុងរដ្ឋសោតដារហ្វ័រ បានរាយការណ៍ថាមានចំនួនអ្នកស្លាប់ខ្ពស់បំផុត។
ក្រសួងបានបន្ថែមថា ចាប់តាំងពីខែកក្កដា ឆ្នាំ២០២៤ ចំនួនករណីជំងឺអាសន្នរោគសរុបបានកើនឡើងដល់ ៩១.០៣៤ករណី ដែលក្នុងនោះមានអ្នកស្លាប់ចំនួន ២.៣០២នាក់នៅទូទាំងតំបន់ចំនួន ១១៦ ក្នុងរដ្ឋចំនួន ១៧ ។
ការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌នាពេលថ្មីៗនេះបានព្រមានថា វិបត្តិមនុស្សធម៌ក្នុងប្រទេសស៊ូដង់កាន់តែអាក្រក់ទៅៗ ចំពេលដែលការផ្ទុះជំងឺអាសន្នរោគដ៏សាហាវ ទឹកជំនន់និងការវិលត្រឡប់មកវិញដ៏ធំទៅកាន់តំបន់ដែលខ្វះខាត។
ប្រទេសស៊ូដង់កំពុងជួបប្រទះការផ្ទុះឡើងតាមរដូវនៃជំងឺជាច្រើនជាពិសេសជំងឺដែលទាក់ទងនឹងរដូវវស្សា រួមមានជំងឺគ្រុនចាញ់ជំងឺអាសន្នរោគ និងជំងឺគ្រុនឈាម។
ប្រទេសនេះក៏នៅតែជាប់គាំងដោយជម្លោះរវាងកងកម្លាំងប្រដាប់អាវុធស៊ូដង់ និងកងកម្លាំងគាំទ្ររហ័សប៉ារ៉ាយោធាដែលបានផ្ទុះឡើងក្នុងខែមេសាឆ្នាំ២០២៣។ ការប្រយុទ្ធគ្នាបានសម្លាប់មនុស្សរាប់ម៉ឺននាក់ និងរាប់លាននាក់ផ្លាស់ទីលំនៅទាំងក្នុង និងក្រៅប្រទេស ដែលធ្វើឱ្យវិបត្តិមនុស្សធម៌របស់ប្រទេសនេះកាន់តែស៊ីជម្រៅ៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





