អ៊ុយក្រែនយល់ព្រមឱ្យគណៈប្រតិភូមានសមាជិក ១៤រូបចូលរួមពិភាក្សាជាមួយរុស្ស៊ី
AKP ភ្នំពេញ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ -- ទីភ្នាក់ងារសារព័ត៌មានInterfax-Ukraine បានរាយការណ៍កាលពីថ្ងៃពុធថា ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelensky) បានចុះហត្ថលេខាលើឯកសារមួយដើម្បីបង្កើតគណៈប្រតិភូដែលមានសមាជិកចំនួន ១៤រូបសម្រាប់កិច្ចពិភាក្សានាពេលខាងមុខជាមួយប្រទេសរុស្ស៊ី។
យោងតាមឯកសារដែលបានចេញផ្សាយនៅលើគេហទំព័រប្រធានាធិបតី បានឱ្យដឹងថា លោក រូស្ដេម យូមេរ៉ូវ (Rustem Umerov)លេខាធិការនៃក្រុមប្រឹក្សាសន្តិសុខ និងការពារជាតិអ៊ុយក្រែន នឹងដឹកនាំគណៈប្រតិភូអ៊ុយក្រែន។
ក្រុមចរចារួមមានទីប្រឹក្សាប្រធានការិយាល័យប្រធានាធិបតី លោក អូលេកសានដឺ បេវហ្ស៍ (Oleksandr Bevz) អគ្គសេនាធិការរងនៃកងកម្លាំងជើងទឹកអ៊ុយក្រែន លោក អូលេកសានដឺ ឌីយ៉ាកូវ (Oleksandr Dyakov)និងអនុរដ្ឋមន្ត្រីការបរទេសទីមួយ លោក សឺជី គីស្ទីតយ៉ា (Sergiy Kyslytsya) ។
គណៈប្រតិភូក៏មានតំណាងមកពីទីភ្នាក់ងារសន្តិសុខ និងចារកម្មអ៊ុយក្រែន កងកម្លាំងប្រដាប់អាវុធ និងសភាផងដែរ។
កិច្ចពិភាក្សាគ្រោងនឹងធ្វើឡើងនៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី នៅថ្ងៃពុធ។ ការចរចាលើកមុនរវាងគណៈប្រតិភូអ៊ុយក្រែន និងរុស្ស៊ីបានធ្វើឡើងនៅថ្ងៃទី២ ខែមិថុនា៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





