កងកម្លាំងសន្តិសុខបានសម្លាប់ភេរវករ ៨នាក់ក្នុងប្រតិបត្តិការនៅប្រទេសប៉ាគីស្ថាន
AKP ភ្នំពេញ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ -- យោធាប៉ាគីស្ថានបាននិយាយកាលពីថ្ងៃអង្គារថា កងកម្លាំងសន្តិសុខប៉ាគីស្ថានបានសម្លាប់ភេរវករចំនួន ៨នាក់ក្នុងអំឡុងពេលប្រតិបត្តិការចំនួន ២លើកនៅក្នុងខេត្តបាឡូជីស្ថាន ភាគនិរតីរបស់ប្រទេស។
យោងតាមសារព័ត៌មាន Inter-Services Public Relations (ISPR) ដែលជាប្រព័ន្ធផ្សព្វផ្សាយរបស់កងទ័ពប៉ាគីស្ថានបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងកម្លាំងសន្តិសុខបានធ្វើប្រតិបត្តិការនៅក្នុងតំបន់២ផ្សេងគ្នានៃស្រុកកាឡាតក្នុងខេត្តនេះស្តីពីវត្តមានរបស់ក្រុមភេរវករ។
សេចក្តីថ្លែងការណ៍របស់សារព័ត៌មាន ISPR បាននិយាយថាក្នុងអំឡុងពេលនៃប្រតិបត្តិការមួយ ភេរវករ ៤នាក់ត្រូវបានសម្លាប់ដោយកងកម្លាំងសន្តិសុខនៅក្នុងស្រុកកាឡាត ដោយសេចក្តីថ្លែងការណ៍បានបន្ថែមថា មុននេះ ភេរវករ ៤នាក់ផ្សេងទៀតក៏ត្រូវបានបង្ក្រាបដោយជោគជ័យនៅក្នុងប្រតិបត្តិការដែលមានមូលដ្ឋានលើចារកម្មផងដែរ។
សេចក្តីថ្លែងការណ៍បាននិយាយថា កន្លែងលាក់ខ្លួនរបស់ពួកភេរវករក៏ត្រូវបានរុះរើផងដែរ ហើយមានអាវុធ គ្រាប់រំសេវ និងគ្រឿងផ្ទុះជាច្រើន ត្រូវបានគេរកឃើញក្នុងអំឡុងពេលប្រតិបត្តិការនេះ។ យោធាបាននិយាយថាកងកម្លាំងសន្តិសុខប៉ាគីស្ថានប្តេជ្ញារារាំងការប៉ុនប៉ងបំផ្លាញសន្តិភាព ស្ថិរភាពនិងវឌ្ឍនភាពនៃខេត្តបាឡូជីស្ថាន៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





