ប្រធានាធិបតីម៉ុងហ្គោលីបានចាត់ទុកប្រទេសកៀហ្ស៊ីស៊ីស្ថានថាជាដៃគូដ៏សំខាន់នៅអាស៊ីកណ្តាល
AKP ភ្នំពេញ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ -- ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ប្រធានាធិបតីម៉ុងហ្គោលី លោក អ៊ូកណា ឃួររ៉េលស៊ូក(Ukhnaa Khurelsukh) បាននិយាយកាលពីថ្ងៃចន្ទ ក្នុងអំឡុងទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ទីក្រុងប៊ីសកេកថា ប្រទេសកៀហ្ស៊ីស៊ីស្ថានគឺជា «ដៃគូដ៏សំខាន់មួយនៅអាស៊ីកណ្តាល» សម្រាប់ប្រទេសម៉ុងហ្គោលី។
លោក ឃួររ៉េលស៊ូក បានប្រាប់ប្រធានាធិបតីកៀហ្ស៊ីស៊ីស្ថាន លោកសាដៀ ចាប៉ារ៉ូវ (Sadyr Japarov) ក្នុងអំឡុងពេលកិច្ចប្រជុំរបស់ពួកគេថា«យើងខិតខំអភិវឌ្ឍកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមកលើគ្រប់វិស័យ ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច»។
លោក ចាប៉ារ៉ូវ បានកត់សម្គាល់ថា «កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយជាមួយប្រទេសម៉ុងហ្គោលីគឺជាវិស័យអាទិភាពមួយនៃការអភិវឌ្ឍគោលនយោបាយការបរទេសរបស់ប្រទេសកៀហ្ស៊ីស៊ីស្ថាន»។
មេដឹកនាំទាំងពីរបានពិភាក្សាអំពីការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម ដឹកជញ្ជូន កសិកម្ម ឌីជីថលនីយកម្ម ទេសចរណ៍ និងការផ្លាស់ប្តូរវប្បធម៌។
បន្ទាប់ពីកិច្ចពិភាក្សា ភាគីទាំងពីរបានចុះហត្ថលេខាលើសេចក្តីប្រកាសរួមមួយ ដើម្បីបង្កើតភាពជាដៃគូលើគ្រប់ជ្រុងជ្រោយរវាងប្រទេសរបស់ពួកគេ រួមជាមួយនឹងឯកសារមួយចំនួន ដើម្បីពង្រឹងទំនាក់ទំនងកៀហ្ស៊ីស៊ីស្ថាន-ម៉ុងហ្គោលី ឱ្យកាន់តែស៊ីជម្រៅ៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





