ប៉ូលិសអាហ្វហ្គានីស្ថានបំផ្លាញមន្ទីរពិសោធន៍គ្រឿងញៀន ២កន្លែង និងចាប់ខ្លួនជនសង្ស័យរត់ពន្ធ ៩នាក់
AKP ភ្នំពេញ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ -- ការិយាល័យរបស់អនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃទទួលបន្ទុកប្រឆាំងគ្រឿងញៀនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យថា កងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថានបានរុះរើមន្ទីរពិសោធន៍កែច្នៃគ្រឿងញៀនចំនួន ២កន្លែងនិងបានរកឃើញថ្នាំញៀនជាង ៥៨០គីឡូក្រាមនៅក្នុងខេត្តហ្វារ៉ាហ៍ ភាគខាងលិចប្រទេសអាហ្វហ្គានីស្ថាន។
យោងតាមសេចក្តីថ្លែងការណ៍បានឱ្យដឹងថា ប៉ូលិសប្រឆាំងគ្រឿងញៀនបានបើកប្រតិបត្តិការដាច់ដោយឡែកពីគ្នានៅជាយក្រុងបាកវ៉ាជាកន្លែងដែលពួកគេបានបំផ្លាញមន្ទីរពិសោធន៍គ្រឿងញៀនចំនួន ២កន្លែងនិងរឹបអូសបានសារធាតុញៀនខុសច្បាប់ចំនួន ៥៨៩គីឡូក្រាម។ ឃាត់ខ្លួនជនសង្ស័យជួញដូរគ្រឿងញៀន ៩នាក់។
រដ្ឋាភិបាលបណ្តោះអាសន្នអាហ្វហ្គានីស្ថានបានបង្កើនការបង្រ្កាបលើគ្រឿងញៀនខុសច្បាប់ និងអ្នកដែលពាក់ព័ន្ធក្នុងអាជីវកម្ម៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





