ហ្សំប៊ីបដិសេធការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនាំចេញពោតជាមួយប្រទេសកុងហ្គោ
AKP ភ្នំពេញ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ -- រដ្ឋាភិបាលហ្សំប៊ីបានបដិសេធរបាយការណ៍ដែលថា ខ្លួនមិនបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ជាមួយសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DRC) សម្រាប់ការនាំចេញដំណាំពោត។
ខណៈពេលដែលរដ្ឋាភិបាលបានទទួលការសាកសួរអំពីការនាំចេញដំណាំពោតពីប្រទេស DRC និងប្រទេសជិតខាងផ្សេងទៀត រដ្ឋមន្ត្រីស្តីទីក្រសួងកសិកម្ម លោក ផេទឺ កាប៉ាឡា (Peter Kapala) បាននិយាយថា មិនមានកិច្ចព្រមព្រៀងផ្លូវការណាមួយត្រូវបានចុះហត្ថលេខានោះទេ។ លោកបានបង្ហើបថា ការចរចាកំពុងបន្តទាក់ទងនឹងលទ្ធភាពនៃការនាំចេញដំណាំពោត ឬអាហារមិនត្រឹមតែទៅប្រទេស DRC ប៉ុណ្ណោះទេ ថែមទាំងទៅប្រទេសជិតខាងទៀតផង។
លោកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «បញ្ហានេះត្រូវតែបញ្ជាក់ឱ្យច្បាស់ថាបច្ចុប្បន្នអាទិភាពរបស់រដ្ឋាភិបាលគឺជាការទិញដំណាំពោតពីកសិករក្នុងគោលបំណងបង្កើតទុនបម្រុងស្បៀងអាហារជាយុទ្ធសាស្ត្រជាតិរបស់ប្រទេស និងបើកឃ្លាំងផ្ទុកនៅក្នុងតំបន់ដែលមានសំណើមបានឈានដល់តម្រូវការ ១២,៥%»។
លោក កាប៉ាឡា បាននិយាយថា រដ្ឋាភិបាលអាចពិចារណាលើការនាំចេញដំណាំពោតក្នុងទម្រង់ប្រភេទអាហារជាម្សៅ និងផលិតផលបន្ថែមតម្លៃផ្សេងទៀត ដោយលុះត្រាតែទីភ្នាក់ងារបម្រុងស្បៀង (FRA) បំពេញបានបរិមាណដែលត្រូវការសម្រាប់បម្រុងជាយុទ្ធសាស្ត្រ។
ការបញ្ជាក់នេះធ្វើឡើងតាមសេចក្តីថ្លែងការណ៍ដែលធ្វើឡើង ដោយទីភ្នាក់ងារ FRA ដែលបានអះអាងថាខ្លួនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយប្រទេស DRC ដើម្បីនាំចេញដំណាំពោតមួយលានតោន។
ប្រទេសហ្សំប៊ីផលិតដំណាំពោតបាន ៣,៦៥លានតោនក្នុងអំឡុងរដូវកសិកម្មឆ្នាំ២០២៤/២០២៥ ដែលជាការងើបឡើងវិញបន្ទាប់ពីគ្រោះរាំងស្ងួតកាលពីរដូវកាលមុន ដែលបានកាត់បន្ថយទិន្នផលកសិកម្ម។
លោកបានបន្ថែមថា ប្រទេសមានស្តុកដឹកជញ្ជូនចំនួន ៣៨៤.៩៩៩តោនដែលនាំឱ្យដំណាំពោតអាចរកបានសរុបមានជាង ៤លានតោន។
តម្រូវការជាតិសម្រាប់ទាំងការប្រើប្រាស់មនុស្ស និងការប្រើប្រាស់ឧស្សាហកម្ម រួមទាំងទុនបំរុងជាយុទ្ធសាស្ត្រ បច្ចុប្បន្នមានចំនួន ៣,៥៤លានតោនដែលបន្សល់ទុកនូវអតិរេកប្រមាណ ៥០១.៦២១តោន៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





