លោក អឺដូហ្គេន និងលោក ពូទីន ពិភាក្សាអំពីការប៉ះទង្គិចគ្នា និងការវាយប្រហាររបស់អ៊ីស្រាអែលលើប្រទេសស៊ីរី
AKP ភ្នំពេញ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ -- ការិយាល័យប្រធានាធិបតីតួកគីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក រេសិប តាយយីប អឺដូហ្គេន (Recep Tayyip Erdogan) បានសន្ទនាតាមទូរស័ព្ទជាមួយសមភាគីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន (Vladimir Putin) ដោយសម្តែងការព្រួយបារម្ភថាការប៉ះទង្គិចគ្នានៅក្នុងប្រទេសស៊ីរីបង្កការគំរាមកំហែងដល់ស្ថិរភាពនៃតំបន់ទាំងមូល។
យោងតាមសេចក្តីថ្លែងការណ៍បានឱ្យដឹងថា ក្នុងអំឡុងពេលនៃការសន្ទនាតាមទូរស័ព្ទនេះ មេដឹកនាំទាំងពីរបានពិភាក្សាអំពីភាពតានតឹងដែលកើនឡើងនៅក្នុងខេត្តស្វៃដា ភាគខាងត្បូងនៃប្រទេសស៊ីរី។
លោក អឺដូហ្គេន បានគូសបញ្ជាក់អំពីសារៈសំខាន់របស់អ៊ីស្រាអែលដែលមិនរំលោភលើអធិបតេយ្យភាពរបស់ប្រទេសស៊ីរី ដោយលោកបានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់ប្រទេសតួកគីក្នុងការលើកកម្ពស់ស្ថិរភាព និងសន្តិសុខនៅក្នុងប្រទេសស៊ីរី និងគាំទ្រដល់ការស្តារប្រទេសឡើងវិញឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ វិមានក្រឹមឡាំងបាននិយាយថាមេដឹកនាំទាំងពីរមានការផ្លាស់ប្តូរទស្សនៈយ៉ាងលម្អិតអំពីព្រឹត្តិការណ៍ដែលកើតឡើងនៅតំបន់មជ្ឈិមបូព៌ា រួមទាំងការកើនឡើងនៅក្នុងប្រទេសស៊ីរីផងដែរ។
សេចក្តីថ្លែងការណ៍របស់វិមានក្រឹមឡាំងបាននិយាយថា «ភាគីទាំងពីរបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងនៃអំពើហឹង្សានាពេលថ្មីៗនេះនៅក្នុងប្រទេសនោះ ដោយសេចក្តីថ្លែងការណ៍បានសង្កត់ធ្ងន់ថា វាមានសារៈសំខាន់ណាស់ក្នុងការធ្វើឱ្យស្ថានការណ៍មានស្ថិរភាពឱ្យបានឆាប់តាមដែលអាចធ្វើទៅបានតាមរយៈការសន្ទនា និងការពង្រឹងកិច្ចព្រមព្រៀងជាតិ ហើយគោរពសិទ្ធិស្របច្បាប់របស់សមាជិកទាំងអស់នៃសង្គមពហុភាគីរបស់ប្រទេសស៊ីរី»។
ភាគីទាំងពីរបានសង្កត់ធ្ងន់លើតម្រូវការនៃការគោរពអធិបតេយ្យភាពឯកភាព និងបូរណភាពទឹកដីរបស់ប្រទេសស៊ីរី៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





