រដ្ឋមន្ដ្រីការបរទេសចិនជួបពិភាក្សាជាមួយសមភាគីក្រូអាត
AKP ភ្នំពេញ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ -- រដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី (Wang Yi) បានជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសក្រូអាត និងកិច្ចការអឺរ៉ុប លោក ហ្គ័រដាន់ ហ្គឺលីក រេដមេន (Gordan GrlicRadman) នៅទីក្រុងប៉េកាំង កាលពីថ្ងៃចន្ទ។
លោក វ៉ាង ជាសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនបានមានប្រសាសន៍ថា ភាគីទាំងពីរតែងតែគោរពគ្នាទៅវិញទៅមកដោយស្មើភាព និងសហការគ្នាប្រកបដោយផលប្រយោជន៍ លោកបានបន្ថែមថា កិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវដែលមានគុណភាពខ្ពស់របស់ពួកគេទទួលបានលទ្ធផលជាផ្លែផ្កា។
ដោយកត់សម្គាល់ថា ឆ្នាំនេះជាខួបលើកទី២០ នៃការបង្កើតភាពជាដៃគូសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងប្រទេសចិន និងក្រូអាត លោកវ៉ាង បានជំរុញឱ្យភាគីទាំងពីរបង្កើនការផ្លាស់ប្តូរនៅគ្រប់កម្រិត បង្កើនការយល់ដឹង និងការជឿទុកចិត្តគ្នា បន្តគោរព និងគាំទ្រគ្នាទៅវិញទៅមកពង្រឹងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវជាមួយនឹងយុទ្ធសាស្រ្តអភិវឌ្ឍន៍យ៉ាងស៊ីជម្រៅជាមួយប្រទេសក្រូអាត។
លោក រេដមេន បាននិយាយថា ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរកាលពីជាង ៣០ឆ្នាំមុន ភាគីទាំងពីរមានកិច្ចសហប្រតិបត្តិការជឿនលឿនក្នុងស្មារតីនៃការគោរពគ្នា និងការពារផលប្រយោជន៍ទៅវិញទៅមក ហើយទំនាក់ទំនងទ្វេភាគីបានរក្សាបាននូវការអភិវឌ្ឍយ៉ាងល្អប្រសើរ។
លោកបាននិយាយថា រដ្ឋាភិបាលនៃប្រទេសក្រូអាតប្រកាន់ខ្ជាប់នូវគោលនយោបាយចិនតែមួយ ដោយជឿថារដ្ឋាភិបាលនៃសាធារណៈរដ្ឋប្រជាមានិតចិនគឺជារដ្ឋាភិបាលស្របច្បាប់តែមួយគត់តំណាងឱ្យប្រទេសចិនទាំងមូល ហើយកោះតៃវ៉ាន់គឺជាផ្នែកដែលមិនអាចកាត់ផ្តាច់បានពីទឹកដីរបស់ប្រទេសចិន។ ប្រទេសក្រូអាតទន្ទឹងរង់ចាំការរក្សាការផ្លាស់ប្តូរកម្រិតកំពូលយ៉ាងជិតស្និទ្ធជាមួយប្រទេសចិន ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម ការវិនិយោគ ការតភ្ជាប់ និងវិស័យផ្សេងៗទៀត ហើយស្វាគមន៍ពលរដ្ឋចិនកាន់តែច្រើនមកទស្សនកិច្ចប្រទេសក្រូអាត៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





