លោក លី តែងតាំងបេសកជនពិសេសប្រចាំប្រទេសកាណាដា និងម៉ាឡេស៊ី
AKP ភ្នំពេញ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ -- អ្នកនាំពាក្យរបស់ប្រធានាធិបតីកូរ៉េខាងត្បូងបាននិយាយថា លោក លី ជេយ៉ុង (Lee Jae Myung) កាលពីថ្ងៃអាទិត្យបានតែងតាំងបេសកជនពិសេសប្រចាំប្រទេសកាណាដា និងម៉ាឡេស៊ី។
អ្នកនាំពាក្យ លោក កាង យូជុង (Kang Yu-jung) បាននិយាយនៅក្នុងបទសម្ភាសន៍ជាលាយលក្ខណ៍អក្សរមួយថា គណៈប្រតិភូទៅកាន់ប្រទេសកាណាដានឹងត្រូវដឹកនាំដោយ លោក គីម យ៉ុងជូ (Kim Byung-joo)តំណាងរាស្រ្តគណបក្សកាន់អំណាច និងរួមមានតំណាងរាស្រ្ត លោកស្រី ម៉ាអេង ស៊ុងយូ (Maeng Sung-kyu) និងលោក គីម ជូយុង (Kim Ju-young) ។
ក្រុមការងារទៅកាន់ប្រទេសម៉ាឡេស៊ីនឹងដឹកនាំដោយអតីតរដ្ឋមន្ត្រីមហាសមុទ្រ លោក គីម យុងជួន (Kim Young-choon) និងរួមមានតំណាងតំណាងរាស្រ្ត លោកស្រី ណាម អ៊ីនស៊ូន (Nam In-soon) និងលោក យ៉ុន គុនយុង (Yun Kun-young) ។
ក្រុមការងារទៅកាន់ប្រទេសកាណាដានឹងចាកចេញនៅថ្ងៃអង្គារហើយជួបជាមួយមន្ត្រីរដ្ឋាភិបាលកាណាដាសំខាន់ៗ ដើម្បីបង្ហាញការប្តេជ្ញាចិត្តរបស់រដ្ឋបាលលោក លី ក្នុងការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយរបស់ប្រទេសទាំងពីរ ដោយផ្តោតលើវិស័យសន្តិសុខ ការពារជាតិ និងថាមពល។
បេសកជនប្រចាំប្រទេសម៉ាឡេស៊ីនឹងចាកចេញនៅថ្ងៃដដែល ហើយប្រគល់បំណងប្រាថ្នារបស់រដ្ឋាភិបាលក្នុងការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រទ្វេភាគីដែលបានបង្កើតឡើងកាលពីឆ្នាំមុនក្នុងអំឡុងពេលកិច្ចប្រជុំជាមួយរដ្ឋាភិបាលម៉ាឡេស៊ី និងមន្ត្រីសភា។
រដ្ឋបាលលោក លី គ្រោងនឹងបញ្ជូនបេសកជនពិសេសទៅកាន់ប្រទេសចំនួន ១៤ ក្នុងគោលបំណងពន្យល់អំពីទស្សនវិជ្ជារដ្ឋថ្មីរបស់រដ្ឋាភិបាល និងគោលនយោបាយការបរទេស៕
ដោយ៖ មូល មិនា (ប្រភព៖ យ៉ុនហាប់)





