អ៊ីរ៉ង់ និងរុស្ស៊ីនឹងចាប់ផ្តើមសមយុទ្ធកងទ័ពជើងទឹករួមគ្នានៅសមុទ្រកាសព្យែន
AKP ភ្នំពេញ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ -- កងកម្លាំងទ័ពជើងទឹកអ៊ីរ៉ង់និងរុស្ស៊ីនឹងចាប់ផ្តើមសមយុទ្ធដែនសមុទ្ររួមគ្នារយៈពេល ៣ថ្ងៃនៅសមុទ្រកាសព្យែនដែលចាប់ផ្តើមនៅថ្ងៃចន្ទនេះ។
យោងតាមសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយនៅលើគេហទំព័រព័ត៌មានរបស់កងទ័ពអ៊ីរ៉ង់ បានឱ្យដឹងថា សមយុទ្ធនោះមានឈ្មោះថា«CASAREX2025» នឹងត្រូវរៀបចំឡើងដោយកងនាវាចរភាគខាងជើងរបស់កងទ័ពជើងទឹកអ៊ីរ៉ង់។
សេចក្តីថ្លែងការណ៍បាននិយាយថា សមយុទ្ធនេះមានការចូលរួមពីកងនាវាចរអ៊ីរ៉ង់ និងរុស្ស៊ីមានគោលបំណងធ្វើឱ្យប្រសើរឡើងនូវសុវត្ថិភាព និងសន្តិសុខដែនសមុទ្រនៅសមុទ្រកាសព្យែន និងបង្កើនកិច្ចសហប្រតិបត្តិការក្នុងចំណោមកងទ័ពជើងទឹកក្នុងតំបន់។
កងនាវាចរនៃកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) និងប៉ូលិសអ៊ីរ៉ង់ក៏នឹងចូលរួមក្នុងសមយុទ្ធនេះផងដែរ។ រដ្ឋមួយចំនួននៃសមុទ្រកាសព្យែនក៏នឹងចូលរួមក្នុងសមយុទ្ធនេះក្នុងនាមជាអ្នកសង្កេតការណ៍ផងដែរ៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





