ក្រុមហ៊ុនអាកាសចរណ៍ Air China បើកការហោះហើរត្រង់រវាងទីក្រុងប៉េកាំង និងទីក្រុងតាសកេន
AKP ភ្នំពេញ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ -- ក្រុមហ៊ុនអាកាសចរណ៍ចិនAir China កាលពីថ្ងៃសៅរ៍បានចាប់ផ្តើមជើងហោះហើរត្រង់ជាលើកដំបូងរបស់ខ្លួនរវាងទីក្រុងប៉េកាំង និងទីក្រុងតាសកេន រដ្ឋធានីនៃប្រទេសអ៊ូសបេគីស្ថាន។
ជើងហោះហើរដំបូងបានចុះចតនៅថ្ងៃសៅរ៍នៅឯអាកាសយានដ្ឋានអន្តរជាតិតាសកេន ជាកន្លែងដែលពិធីមួយត្រូវបានធ្វើឡើងដើម្បីសម្គាល់ព្រឹត្តិការណ៍ដ៏សំខាន់មួយនេះ។
លោក លី ហ្គាងពីង (Li Guangping) តំណាងក្រុមហ៊ុន Air China នៅទីក្រុងតាសកេន បាននិយាយថា ជើងហោះហើរថ្មីនេះនឹងជំរុញការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសចិន និងអ៊ូសបេគីស្ថានក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍។
លោក លី បាននិយាយថា វាក៏នឹងផ្តល់នូវជើងហោះហើរផ្លូវអាកាសដ៏ងាយស្រួល និងមានប្រសិទ្ធភាពជាងមុនសម្រាប់ការផ្លាស់ប្តូរមនុស្សទៅប្រជាជន និងលំហូរនៃធនធានរវាងប្រទេសទាំងពីរ។
លោក យូមីដ ខាមរ៉េវ (Umid Khamraev) នាយករងទីមួយនៃក្រុមហ៊ុន Uzbekistan Airports Handling បាននិយាយថា ជើងហោះហើរថ្មីនឹងជួយពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ និងរួមចំណែកដល់ការអភិវឌ្ឍទេសចរណ៍ និងទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្ម៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





