រដ្ឋមន្ដ្រីការបរទេសហុងគ្រី៖ ការវិនិយោគរបស់ប្រទេសចិនជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេសហុងគ្រី
AKP ភ្នំពេញ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ -- រដ្ឋមន្ត្រីក្រសួងការបរទេសនិងពាណិជ្ជកម្មហុងគ្រី លោក ផេទឺ ហ្ស៊ីចចារតូ (Peter Szijjarto) បាននិយាយថា ការវិនិយោគរបស់ប្រទេសចិនបានបង្កើនយ៉ាងខ្លាំងដល់ដំណើរការនៃសេដ្ឋកិច្ចរបស់ប្រទេសហុងគ្រី និងបានគាំទ្រដល់ការផ្លាស់ប្តូររចនាសម្ព័ន្ធរបស់ប្រទេស។
លោក ហ្ស៊ីចចារតូ បានធ្វើការកត់សម្គាល់នៅទីក្រុងប៊ូដាបេស ជាមួយនាយកប្រតិបត្តិមកពីក្រុមហ៊ុនចិនដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេស។លោកបានបន្តថា «ហុងគ្រីមានមោទនភាពជាទិសដៅអឺរ៉ុបចម្បងសម្រាប់ប្រទេសចិន ហើយយើងចង់រក្សាមុខតំណែងនេះ»។
ដោយលើកឡើងពីភាពជោគជ័យរបស់ប្រទេសហុងគ្រីក្នុងការទាក់ទាញការវិនិយោគមកពីប្រទេសចិន លោក ហ្ស៊ីចចារតូ បាននិយាយថា«នៅក្នុងឆ្នាំ២០២០ ឆ្នាំ២០២៣ និងឆ្នាំ២០២៤ ក្រុមហ៊ុនចិនបាននាំយកចំនួនវិនិយោគខ្ពស់បំផុតមកកាន់ប្រទេសរបស់យើង» លោកបានបន្ថែមថា «ការវិនិយោគទាំងនេះនាំមកនូវបច្ចេកវិទ្យាកម្រិតខ្ពស់ និងបង្កើតការងារដែលអាចទុកចិត្តបានក្នុងចំនួនដ៏ច្រើន»។
លោក ហ្ស៊ីចចារតូ បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការតភ្ជាប់ និងកិច្ចសហប្រតិបត្តិការជាសកលដោយផ្អែកលើការគោរពគ្នាទៅវិញទៅមកដោយលោកបានចង្អុលបង្ហាញថា ប្រទេសហុងគ្រីបដិសេធការបែងចែកពិភពលោកទៅជាប្លុកប្រកួតប្រជែង។
ដោយសាទរនូវលទ្ធផលជាផ្លែផ្កាដែលសម្រេចបានក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសចិន និងហុងគ្រីឯកអគ្គរដ្ឋទូតចិនប្រចាំនៅប្រទេសហុងគ្រី លោក ហ្គុង តៅ (Gong Tao)បាននិយាយថា ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ភាគីទាំងពីរ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគីនឹងឈានដល់កម្រិតកំពូលថ្មី ដោយ «រួមចំណែកបន្ថែមទៀតដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រទេសទាំងពីរ និងបន្តធ្វើឱ្យទំនាក់ទំនងមិត្តភាពរវាងប្រជាជាតិយើងកាន់តែស៊ីជម្រៅថែមទៀត»៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





