ឯកឧត្ដមប្រធានាធិបតីចិន៖ ចិន និងបន្តសហការជាមួយកម្ពុជា ជានិច្ចនៅក្នុងការបោសសម្អាតឧក្រិដ្ឋកម្មអនឡាញ
AKP ភ្នំពេញ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ -- ឯកឧត្តម Xi Jinping អគ្គលេខាធិការ នៃគណបក្សកុម្មុយនីស្តចិន និងជាប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះកម្ពុជា ដែលបានអនុវត្តនូវការបោសសម្អាតឧក្រិដ្ឋកម្មអនឡាញនៅក្នុងប្រទេសកម្ពុជា ហើយចិនតែងតែសហការ និងបន្តសហការជាមួយកម្ពុជាជានិច្ចនៅក្នុងការបោសសម្អាតឧក្រិដ្ឋកម្មអនឡាញ។ នេះបើយោងតាមការឱ្យដឹង ឯកឧត្ដម ជា ធីរិទ្ធ អ្នកនាំពាក្យសម្ដេចតេជោ បន្ទាប់ពីជំនួបពិភាក្សាការងារ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ជាមួយ ឯកឧត្តម Xi Jinping អគ្គលេខាធិការ នៃគណបក្សកុម្មុយនីស្តចិន និងជាប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន នៅមហាវិមានប្រជាជនចិន នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ដែលជាថ្ងៃទីពីរ នៃដំណើរទស្សនកិច្ចមិត្តភាពផ្លូវការរបស់សម្ដេចតេជោ និងគណៈប្រតិភូនៅសាធារណរដ្ឋប្រជាមានិតចិន។

ក្នុងជំនួបនោះ ឯកឧត្តម Xi Jinping បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះសម្ដេចតេជោ និងគណៈប្រតិភូជាន់ខ្ពស់ក្នងដំណើរទស្សនកិច្ចនៅក្នុងប្រទេសចិននាឱកាសនេះ។ ឯកឧត្ដមបានហៅសម្ដេចតេជោថា ជាមិត្តចាស់ ដែលបានរួមចំណែកក្នុងការកសាងទំនាក់ទំនងមិត្តភាព កម្ពុជា-ចិន ឱ្យរឹងមាំមកដល់ពេលបច្ចុប្បន្ននេះ ឯកឧត្ដមបានលើកឡើងថា ទំនាក់ទំនង កម្ពុជា និងចិន គឺមានភាពរឹងមាំ ដូចជាផ្ទាំងសិលាដូច្នោះដែរ។ ឯកឧត្ដមប្រធានាធិបតី ក៏បានរម្លឹកអំពីដំណើរទស្សនកិច្ចរបស់ឯកឧត្ដមមកកាន់ប្រទេសកម្ពុជាកាលពីឆ្នាំ២០២៥ កន្លងទៅ បានជំរុញបន្ថែមទៀតនូវទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ ជាពិសេសគឺការអនុវត្តការកសាងសហគមន៍ជោគវាសនារួមគ្រប់រដូវកាលក្នុងយុគ្គសម័យថ្មី។

សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការអរគុណជាអនេកកប្បការ ចំពោះបដិសណ្ឋារកិច្ចរបស់ឯកឧត្តម Xi Jinping ចំពោះសម្ដេចនិងគណៈប្រតិភូ។ សម្ដេចតេជោបានពេញចិត្ត ចំពោះការលើកឡើងរបស់ឯកឧត្ដមប្រធានាធិបតី ជាមួយនិងទំនាក់ទំនងកម្ពុជានិងចិន ដោយសម្ដេចតេជោបានលើកឡើងថា កម្ពុជា និងចិន គឺជាមិត្តដែកថែប ហើយបើទោះបីជាពិភពលោកមានការប្រែប្រួល និងអាកាសធាតុមានការប្រែប្រួលបែបណាក្ដី តែមិត្តភាពរវាងកម្ពុជា-ចិន មិនមានការប្រែប្រួលឡើយ។ សម្ដេចតេជោបានលើកឡើងចំពោះមុខឯកឧត្តម Xi Jinping ទៀតថា មិត្តភាព កម្ពុជា-ចិន គឺកម្ពុជាចាត់ទុកចិន គឺជាមិត្តចាស់ មិត្តពិតប្រាកដ និងជាទីទុកចិត្តរបស់ប្រជាជនកម្ពុជា។ នៅក្នុងឱកាសនោះភាគីទាំងពីរ ក៏បានជជែកគ្នាបន្ថែមទៀតទៅលើការពង្រីកិច្ចសហប្រតិបត្តិការជាមួយគ្នា ទាំងក្របខ័ណ្ឌសេដ្ឋកិច្ច ក្របខ័ណ្ឌការកសាងហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសសម្ដេចតេជោបានស្នើឱ្យចិនបន្តការគាំទ្រនូវការកសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជាបន្តទៀត។ សម្ដេចតេជោបានលើកឡើងថា ការកសាងហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា មិនអាចខ្វះបានឡើយនូវតួនាទីរបស់ចិន។ ទន្ទឹមនេះ ភាគីទាំងពីរក៏បានពិភាក្សាគ្នាទាក់ទងទៅនិងការពង្រឹងកិច្ចសហប្រតិបត្តិការនៅក្នុងក្របខ័ណ្ឌពង្រឹងសន្តិសុខរវាងប្រទេសទាំងពីរ ការផ្លាស់ប្ដូរនូវព័ត៌មានគ្នា និងការផ្លាស់ប្ដូរនៃដំណើរទស្សនកិច្ចរវាងប្រតិភូជាន់ខ្ពស់ប្រទេសទាំងពីរផងដែរ។

ជាមួយគ្នានេះ ភាគីទាំងពីរក៏បានពិភាក្សាគ្នាទៅលើកិច្ចសហប្រតិបត្តិការនៅក្នុងក្របខ័ណ្ឌគណបក្សរវាងប្រទេសទាំងពីរ ដែលនៅក្នុងដំណើរទស្សនកិច្ចរបស់សម្ដេចតេជោនេះមានការចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នារវាង គណបក្សប្រជាជនកម្ពុជា និងគណបក្សកុម្មុយនីស្តចិន ដែលជាផ្នែកដ៏សំខាន់ក្នុងការជំរុញទំនាក់ទំនងនៃកិច្ចសន្ទនានយោបាយ នៅក្នុងក្របខ័ណ្ឌគណបក្ស ការបណ្ដុះបណ្ដាលយុវជនរបស់គណបក្ស នៃប្រទេសទាំងពីរ ឱ្យកាន់តែមានភាពសកម្មបន្ថែមទៀត។

បន្ថែមលើនេះ ភាគីទាំងពីរ ក៏បានជជែកគ្នាទៅលើបញ្ហាអន្តរជាតិមួយចំនួន ដែលបានកើតឡើង នាពេលបច្ចុប្បន្ននេះ ដែលស្ថានភាព នៃការប្រែប្រួលយ៉ាងឆាប់រហ័សនេះ តម្រូវឱ្យកម្ពុជា និងចិន ពួតដៃគ្នាបន្ថែមទៀត ក្នុងការសហការគ្នា និងការគាំទ្រគ្នាទៅវិញទៅមកនៅក្នុងឆាកអន្តរជាតិ៕
ដោយ៖ ជឹម ណារី





