កម្ពុជា និងអូស្ដ្រាលី រៀបចំសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ ដើម្បីជំរុញអភិបាលកិច្ចធនធានទឹកដែលធន់នឹងការប្រែប្រួលអាកាសធាតុ
AKP ភ្នំពេញ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥--
ក្រសួងធនធានទឹក និងឧតុនិយម (MoWRAM) សហការជាមួយរដ្ឋាភិបាលអូស្ត្រាលី នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ ដើម្បីជំរុញការអភិវឌ្ឍ កម្មវិធីអភិបាលកិច្ចធនធានទឹកដែលធន់នឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា(CCRWGP)។ កម្មវិធីនេះមានគោលបំណងបង្កើតឡើងនូវយុទ្ធសាស្ត្រធនធានទឹកកម្ពុជា ក្នុងលក្ខណៈនៃការសម្របសម្រួល បរិយាបន្ន និងឆ្លើយតបទៅនឹងហានិភ័យអាកាសធាតុ។
សិក្ខាសាលានេះប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ ដែលមានអ្នកចូលរួមជាង ១៧០ នាក់ រួមមានតំណាងជាន់ខ្ពស់មកពីក្រសួងនានា ដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល ស្ថាប័នស្រាវជ្រាវ និងវិស័យឯកជន។ សិក្ខាសាលានេះជាព្រឹត្តិការណ៍សំខាន់មួយក្នុងការរៀបចំផែនទីបង្ហាញផ្លូវកម្រិតខ្ពស់ សម្រាប់អភិបាលកិច្ចធនធានទឹក ដែលឆ្លុះបញ្ចាំងពីអាទិភាពអភិវឌ្ឍន៍ជាតិ ព្រមទាំងដោះស្រាយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុដែលកំពុងកើនឡើង។

ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយមបានបញ្ជាក់ពីភាពបន្ទាន់ក្នុងការចាត់ វិធានការលើការគ្រប់គ្រងធនធានទឹក។ ឯកឧត្ដមបានលើកឡើងថា ការពិគ្រោះយោបល់ថ្នាក់ជាតិ ជាជំហានដ៏សំខាន់ក្នុងការរៀបចំផែនទីបង្ហាញផ្លូវរបស់កម្ពុជា សម្រាប់ការ គ្រប់គ្រងធនធានទឹកដែលធន់នឹងការប្រែប្រួលអាកាសធាតុ និងប្រកបដោយបរិយាបន្ន។ ឯកឧត្ដមរដ្ឋមន្រ្ដីបានថ្លែងបញ្ជាក់ថា៖ «គោលដៅអភិវឌ្ឍន៍របស់កម្ពុជា អាស្រ័យលើសមត្ថភាពរបស់យើង ក្នុងការគ្រប់គ្រងធនធានទឹកប្រកបដោយនិរន្តរភាព និងសមភាព។ CCRWGP នឹងផ្តល់នូវក្របខ័ណ្ឌទំនើបកម្ម និងទូលំទូលាយ ដែលជួយនាំផ្លូវអភិបាល កិច្ចធនធានទឹក ការធ្វើផែនការប្រកបដោយបរិយាបន្ន និងឆ្លើយតបទៅនឹងហានិភ័យការប្រែប្រួលអាកាសធាតុ ដែលគំរាមកំហែងដល់អាយុជីវិត ជីវភាពរស់នៅ និងវឌ្ឍនភាពជាតិ»។
ជាមួយគ្នានេះដែរ CCRWGP បង្កើតឡើងផ្អែកលើយុទ្ធសាស្ត្របញ្ចកោណរបស់កម្ពុជា និងគាំទ្រដល់គោលដៅនៃការសម្រេចបាន នូវគោលដៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ជាមួយនឹងការកើនឡើងនៃតម្រូវការទឹក ការផ្លាស់ប្តូរលំនាំទឹកភ្លៀង ព្រមទាំងទឹកជំនន់និង គ្រោះរាំងស្ងួតញឹកញាប់ជាងមុន កម្មវិធីនេះឆ្លើយតបបន្ទាន់ទៅនឹងចន្លោះប្រហោងនៃអភិបាលកិច្ចធនធានទឹក ព្រមទាំងអនុលោមតាមកម្មវិធីដែលកំពុងដំណើរការ និងធ្វើឡើងនាពេលអនាគត។
ឯកឧត្តម ដេរិក យីប ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា CCRWGP ស្រប តាមអាទិភាពនៃការអភិវឌ្ឍរបស់អូស្ត្រាលីនៅកម្ពុជា ដោយគាំទ្រដល់កំណែទម្រង់ស្ថាប័ន ភាពជាអ្នកដឹកនាំក្នុង តំបន់ និងភាពធន់នឹងការប្រែប្រួលអាកាសធាតុ តាមរយៈភាពជាដៃគូដែលមានបរិយាបន្ន។ ឯកឧត្តមឯកអគ្គរដ្ឋទូតបានបន្ថែមថា៖ «អូស្ត្រាលីមានមោទនភាពដែលបានធ្វើជាដៃគូជាមួយប្រទេសកម្ពុជា លើកម្មវិធីដែលផ្តោតជាចម្បងលើ ភាពធន់នឹងការប្រែប្រួលអាកាសធាតុ អភិបាលកិច្ចប្រកបដោយបរិយាបន្ន និងភាពជាអ្នក ដឹកនាំក្នុងតំបន់។ គំនិតផ្តួចផ្តើមនេះឆ្លុះបញ្ចាំងពីអាទិភាពរួមគ្នារបស់យើង និងពង្រឹងសមត្ថភាពរបស់កម្ពុជាក្នុង ការដឹកនាំការគ្រប់គ្រងធនធានទឹក តាមរយៈវិធីសាស្ត្រជាក់ស្តែង និងមានភាពធន់នឹងការប្រែប្រួលអាកាសធាតុ»។


សម្រាប់ផែនទីបង្ហាញផ្លូវសម្រាប់អភិបាលកិច្ចធនធានទឹកដែលធន់នឹងការប្រែប្រួលអាកាសធាតុនេះ ត្រូវបានបង្កើតឡើងតាមរយៈការពិគ្រោះយោបល់ទូលំទូលាយ កាលពីខែឧសភា ឆ្នាំ២០២៥ រួមមានសសរស្តម្ភយុទ្ធសាស្ត្រចំនួនបួន៖ ការធ្វើទំនើបកម្មច្បាប់ជាតិស្តីពីធនធានទឹក ការកសាងសមត្ថភាពនិងការលើកកម្ពស់ការចូលរួម ប្រកបដោយបរិយាបន្ន ការកែលម្អទិន្នន័យ ប្រព័ន្ធ និងការគ្រប់គ្រងហានិភ័យ ព្រមទាំងអនុវត្តការសាកល្បងនិង សិក្សា។ ផែនការនេះ ត្រូវបានបង្កើតឡើងជាក្របខ័ណ្ឌកម្រិតខ្ពស់ដែលមានភាពបត់បែន ដើម្បីដឹកនាំសកម្មភាព សម្របសម្រួលនៅទូទាំងស្ថាប័នរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ និងសហគមន៍។
សិក្ខាសាលាថ្ងៃនេះបានបញ្ចូលមតិកែលម្អលើការអភិវឌ្ឍកម្មវិធី ដោយភាគីពាក់ព័ន្ធបានគាំទ្រយ៉ាងទូលំទូលាយ នូវផែនទីបង្ហាញផ្លូវ និងផ្តល់អនុសាសន៍តាមគោលដៅ រួមមានការពង្រឹងការសម្របសម្រួលអន្តរក្រសួង ការ ពន្លឿនកំណែទម្រង់ច្បាប់និងគោលនយោបាយ ព្រមទាំងការសាកល្បងគំរូអភិបាលកិច្ចធនធានទឹករួមបញ្ចូលគ្នា នៅថ្នាក់ក្រោមជាតិ។

សូមជម្រាបជូនថា ការពិគ្រោះយោបល់នេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នាចំពោះការបង្កើតគោលនយោបាយដែលមានបរិយាបន្ន និងភាពជាម្ចាស់របស់ប្រទេស។ ឥឡូវនេះ MoWRAM នឹងបញ្ចូលមតិកែលម្អដែលប្រមូលបាន ទៅក្នុងការអភិវឌ្ឍ បង្កើតកម្មវិធី ដោយការអនុវត្តដំណាក់កាលទី១ រំពឹងថានឹងចាប់ផ្តើមនៅចុងឆ្នាំនេះ។ នៅពេលដែលវិបត្ដិអាកាសធាតុកាន់តែស៊ីជម្រៅ កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការដឹកនាំជាមួយនឹងអភិបាលកិច្ចធនធានទឹកដែលផ្អែកលើភស្ដុតាង បរិយាបន្ន និងឆ្ពោះទៅមុខ ផ្ដល់នូវផ្លូវដ៏សំខាន់មួយទៅកាន់ការអភិវឌ្ឍប្រកបដោយចីរភាព៕
ដោយ៖ រិទ្ធី ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម





