អង្គការហែឡែន ខែលល័រអន្តរជាតិ ប្រចាំខេត្តកំពង់ធំ បន្តសកម្មភាពរៀបចំពិព័ណ៌ ស្ដីពីអាហារសុខភាព នៅតាមគ្រឹះស្ថានសិក្សាចំនួន០៧សាលាក្នុងស្រុកស្ទោង
AKPកំពង់ធំ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥--
អង្គការហេឡែន ខេលល័រ អន្តរជាតិ(Helen keller Intl)ប្រចាំខេត្តកំពង់ធំក្រោមជំនួយឧបត្ថម្ភពីមូលនិធិទឹកនោមផ្អែមសកល(WDF) នាព្រឹកថ្ងៃទី១៨ខែកក្កដាឆ្នាំ២០២៥បានបន្តសកម្មភាពរបស់ខ្លួនក្នុងការរៀបចំពិព័ណ៌ ស្ដីពីអាហារសុខភាពនៅតាមសាលារៀនគោលដៅចំនួន០៧ក្នុងស្រុកស្ទោង ដែលមានអ្នកចូលរួមសរុបប្រមាណ២៥៦០នាក់។

លោកប៊ី រីដែន មន្ត្រីសម្របសម្រួលអង្គការហេឡែន ខេលល័រ អន្តរជាតិ(Helen keller Intl) បានលើកឡើងថា នេះជាសកម្មភាពតាំងពិព័ណ៌អាហារលើកទី២នៃការអនុវត្តគម្រោងកាត់បន្ថយហានិភ័យជំងឺមិនឆ្លងនៅកម្ពុជា តាមគ្រឹះស្ថានសិក្សា របស់អង្គការហេឡែន ខេលល័រ អន្តរជាតិ (Helen keller Intl)។ការដាក់តាំងពិព័ណ៌អាហារនេះ គឺនឹងធ្វើឡើងនៅ ០៧សាលា គោលដៅក្នុងស្រុកស្ទោង។

លោកបន្តថាការតាំងពិព័ណ៌អាហារ នៅតាមសាលារៀននេះ ក្នុងគោលបំណងដើម្បីបញ្ជ្រាបការយល់ដឹងបន្ថែមស្ដីពីកត្តាហានីភ័យ និងវិធីបង្ការជំងឺមិនឆ្លង យល់ដឹងអំពីឥរិយាបថរស់នៅប្រកបដោយសុខុមាលភាព ស្គាល់របបអាហារសុខភាព រួមមានទម្លាប់កាត់បន្ថយការប្រើប្រាស់ស្ករ អំបិល ខ្លាញ់ ឬប្រេងឆា ឈប់ជក់បារី និងកាត់បន្ថយការប្រើប្រាស់គ្រឿងស្រវឹង ព្រមទាំងមានការផ្សព្វផ្សាយសេចក្តីណែនាំលេខ១៨អយក.សណនចុះថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩ របស់ ក្រសួងអប់រំ យុវជន និងកីឡា ស្ដីពីការពង្រឹងវិធានការអនុវត្តការលើកកម្ពស់សុវត្ថិភាព និងសុខុមាលភាពចំណីអាហារនៅតាមគ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈនិងឯកជនផងដែរ។

លោកប៊ី រីដែនបានបញ្ចាក់ទៀតថា ការតាំងពិព័ណ៌ស្ដីពីអាហារសុខភាពតាមសាលារៀននេះ ក៏ជាការលើកកម្ពស់កសិផលរបស់ប្រជាពលរដ្ឋក្នុងសហគមន៍ ដែលជាការផ្សារភ្ជាប់ អ្នកផលិតអាហារសុខភាពតាមសហគមន៍ជាមួយអ្នកលក់ក្នុងសាលានិងឬជាមួយសាលាដោយផ្ទាល់។
នៅក្នុងពិធីតាំងពិព័ណ៌នេះមានការអញ្ជើញចូលរួមដង្ហែ អាហារ ផ្លែឈើ បន្លែ ដែលជាផលិតផលក្នុងសហគមន៍ ពីសំណាក់ក្រុមប្រឹក្សាឃុំសង្កាត់ មន្ត្រីមណ្ឌលសុខភាពឃុំ មេភូមិ មាតាបិតា អាណាព្យាបាលសិស្ស ប្រជាកសិករ លោកគ្រូ អ្នកគ្រូសិស្សានុសិស្សយ៉ាងច្រើនកុះករ៕
ដោយ៖ ស៊ុម វណ្ណា





