លោក លី និយាយថាដល់ពេលហើយដែលត្រូវពិភាក្សាអពីការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដែលដឹកនាំដោយរដ្ឋសភា
AKP ភ្នំពេញ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ -- ប្រធានាធិបតីកូរ៉េខាងត្បូង លោក លី ជេយុង (Lee Jae Myung) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា វាដល់ពេលហើយដើម្បីពិភាក្សាអំពីការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញរបស់ប្រទេស ដោយជំរុញឱ្យរដ្ឋសភាដឹកនាំនៅក្នុងដំណើរការនៃការធ្វើវិសោធនកម្មដែលមានសក្តានុពលនេះ។
នៅក្នុងសារក្នុងបណ្តាញសង្គមហ្វេសប៊ុកដែលរំលឹកខួបលើកទី៧៧ នៃទិវារដ្ឋធម្មនុញ្ញ លោក លី បានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដែលផ្តោតទៅលើប្រជាជន ហើយបានសន្យាថានឹងធ្វើការរួមគ្នាជាមួយស្ថាប័ននីតិប្បញ្ញត្តិដើម្បីធានាថា ឆន្ទៈរបស់ប្រជាជនត្រូវបានឆ្លុះបញ្ចាំងយ៉ាងពេញលេញនៅក្នុងដំណើរការកែសម្រួល។
លោក លី បានកោតសរសើរចំពោះភាពធន់នឹងលទ្ធិប្រជាធិបតេយ្យរបស់ប្រទេស ដែលបានយកឈ្នះទៅលើការដាក់ចេញច្បាប់អាជ្ញាសឹកដោយប្រធានាធិបតីដែលត្រូវបានបណ្តេញចេញពីតំណែង លោក យូន ស៊ុលយុល (Yoon Suk Yeol)។
លោក លី បានសរសេរថា «ឥឡូវនេះ យើងត្រូវបោះជំហានទៅមុខទៀត។ ដូចជាយើងផ្លាស់ប្តូរសម្លៀកបំពាក់តាមរដូវកាល វាជាពេលវេលាដើម្បីពិនិត្យ និងកែលម្អរដ្ឋធម្មនុញ្ញរបស់យើងដើម្បីឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរការពិត»។
លោក លី បានស្នើឱ្យមានការដាក់បញ្ចូលធាតុមួយចំនួននៅក្នុងរដ្ឋធម្មនុញ្ញដែលបានធ្វើវិសោធនកម្ម ដូចជាស្មារតីនៃចលនាគាំទ្រលទ្ធិប្រជាធិបតេយ្យឆ្នាំ១៩៨០ ការពង្រឹងសិទ្ធិជាមូលដ្ឋាន ការពង្រីកស្វ័យភាពក្នុងតំបន់ និងវិមជ្ឈការ និងកំណែទម្រង់ស្ថាប័នមានអំណាច។
លោក លី បានស្នើឱ្យមានវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីអនុញ្ញាតឱ្យប្រធានាធិបតីបម្រើការពីរអាណត្តិរយៈពេល ៤ឆ្នាំ ហើយនេះជាលើកដំបូងដែលលោកបានអំពាវនាវឱ្យមានការកែសម្រួលចាប់តាំងពីការឡើងកាន់តំណែងកាលពីដើមខែមិថុនាមក៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ កូរ៉េថាមស៍)





