សភាអ៊ុយក្រែនបោះឆ្នោតអនុម័តឱ្យលោកស្រី យូលៀ ស្វីរីដេនកូ ជានាយករដ្ឋមន្ត្រីអ៊ុយក្រែន
AKP ភ្នំពេញ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ -- សភាអ៊ុយក្រែន កាលពីថ្ងៃព្រហស្បតិ៍បានបោះឆ្នោតអនុម័តការតែងតាំងលោកស្រី យូលៀ ស្វីរីដេនកូ (Yulia Svyrydenko) ជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសអ៊ុយក្រែន។
សមាជិកសភា លោក អូលេកស៊ី ហុនចារេនកូ (Oleksii Honcharenko) បានសរសេរនៅលើបណ្តាញតេឡេក្រាមថា សមាជិកសភា Verkhovna Rada របស់អ៊ុយក្រែន បានអនុម័តទៅលើលោកស្រី ស្វីរីដេនកូ សម្រាប់តំណែងនេះជាមួយនឹងការបោះឆ្នោតគាំទ្រ ២៦២សំឡេង។
នៅមុនពេលបោះឆ្នោត លោកស្រី ស្វីរីដេនកូ បានធ្វើការជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចដំបូងរបស់ប្រទេស ដែលលោកស្រីបានកាន់តំណែងនេះចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២១ មក។
លោកស្រី ស្វីរីដេនកូ បានសរសេរនៅលើបណ្តាញសង្គមអ៊ិច (X) បន្ទាប់ពីការបោះឆ្នោតគាំទ្រនោះថា «រដ្ឋាភិបាលរបស់យើងកំណត់ទិសដៅឆ្ពោះទៅរកអ៊ុយក្រែនដែលឈរលើមូលដ្ឋានយោធា សេដ្ឋកិច្ច និងសង្គម។ គោលដៅសំខាន់របស់ខ្ញុំ គឺពិតប្រាកដណាស់សម្រាប់លទ្ធផលវិជ្ជមានសម្រាប់ប្រជាជនអ៊ុយក្រែនគ្រប់រូប»។
ក្នុងនាមជាចំណុចអាទិភាពរបស់រដ្ឋាភិបាលរបស់លោកស្រីសម្រាប់រយៈពេលប្រាំមួយខែខាងមុខ លោកស្រីបានចុះបញ្ជីការផ្គត់ផ្គង់ដែលអាចទុកចិត្តបានសម្រាប់កងទ័ពអ៊ុយក្រែន ការពង្រីកការផលិតសព្វាវុធក្នុងស្រុក និងការបង្កើនកម្លាំងបច្ចេកវិទ្យានៃកងកម្លាំងការពាររបស់ប្រទេសអ៊ុយក្រែន។
កាលពីថ្ងៃច័ន្ទ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskyy) បានប្រកាសថា លោកបានស្នើឱ្យលោកស្រី ស្វីរីដេនកូ ដឹកនាំរដ្ឋាភិបាលរបស់ប្រទេស ដែលជាសញ្ញានៃការចាប់ផ្តើមរុះរើគណៈរដ្ឋមន្ត្រីដ៏សំខាន់មួយ ខណៈដែលសង្រ្គាមរុស្ស៊ី និងអ៊ុយក្រែនបានផ្ទុះឡើង និងបន្តដល់ឆ្នាំទីបួនហើយ។
ជាមួយនឹងការបោះឆ្នោតគាំទ្រនេះ លោកស្រី ស្វីរីដេនកូ បានក្លាយជាស្ត្រីទីពីរដែលកាន់តំណែងជានាយករដ្ឋមន្ត្រីអ៊ុយក្រែន បន្ទាប់ពីលោកស្រី យូលៀ ទីម៉ូសិនកូ (Yulia Tymoshenko) ដែលបានកាន់តំណែងនេះក្នុងរយៈពេលខ្លីក្នុងឆ្នាំ២០០៥ និងក្រោយមកចាប់ពីខែធ្នូ ឆ្នាំ២០០៧ ដល់ខែមីនា ឆ្នាំ២០១០៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





