ចក្រភពអង់គ្លេស និងអាល្លឺម៉ង់ចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការ
AKP ភ្នំពេញ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ -- ចក្រភពអង់គ្លេស និងអាល្លឺម៉ង់ កាលពីថ្ងៃព្រហស្បតិ៍បានចុះហត្ថលេខាលើ «សន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការ» ដែលមានគោលបំណងពង្រឹងទំនាក់ទំនងទ្វេភាគីលើវិស័យការពារជាតិ គោលនយោបាយការបរទេស កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងទេសន្តរប្រវេសន៍។
កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាជាផ្លូវការនៅក្នុងពិធីមួយនៅកណ្តាលទីក្រុងឡុងដ៍ ដែលចូលរួមដោយនាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស លោក ឃើរ ស្តាមើរ (Keir Starmer) និងអធិការបតីអាល្លឺម៉ង់ លោក ហ្រ្វីដរីច មើស (Friedrich Merz)។
សន្ធិសញ្ញានេះត្រូវបានសាទរថាជាការស្តារឡើងវិញដ៏សំខាន់នៅក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ ដែលហៅថា សន្ធិសញ្ញាចក្រភពអង់គ្លេស-អាល្លឺម៉ង់ដ៏ធំបំផុតចាប់តាំងពីឆ្នាំ១៩៤៥ មក។
ថ្លែងនៅក្នុងពិធីនោះ លោកអធិការបតី មើស បាននិយាយថា «វាគឺជាថ្ងៃប្រវត្តិសាស្ត្រសម្រាប់ទំនាក់ទំនងរវាងអាល្លឺម៉ង់-អង់គ្លេស»។
លោក មើស បាននិយាយថា «យើងចង់ធ្វើការឱ្យកាន់តែជិតស្និទ្ធជាមួយគ្នា ជាពិសេសបន្ទាប់ពីចក្រភពអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប។ មានវិស័យជាច្រើនដែលចក្រភពអង់គ្លេស និងយើងអាចធ្វើការងារជាមួយគ្នាបានកាន់តែជិតស្និទ្ធជាងកាលពីអតីតកាល ដូចជាវិស័យការពារជាតិ គោលនយោបាយការបរទេស គោលនយោបាយសេដ្ឋកិច្ច និងគោលនយោបាយក្នុងស្រុកជាដើម»។
សន្ធិសញ្ញានេះរួមបញ្ចូលនូវសមាសធាតុអប់រំដ៏សំខាន់ ជាមួយនឹងបទប្បញ្ញត្តិថ្មីៗដើម្បីសម្រួលដល់ការផ្លាស់ប្តូររវាងសិស្ស និងនិស្សិតមកពីប្រទេសទាំងពីរ។
លោក ស្តាមើរ ក៏បានស្វាគមន៍ចំពោះសន្ធិសញ្ញានេះថាជាជំហានឆ្ពោះទៅមុខនៅក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិរបស់ចក្រភពអង់គ្លេស ជាពិសេសទៅលើបញ្ហាទេសន្តរប្រវេសន៍ខុសច្បាប់។
លោកក៏បានហៅវាថាជាប្រវត្តិសាស្ត្រផងដែរ ដោយបាននិយាយថា វាបានបង្ហាញពីមហិច្ឆតារបស់ប្រទេសទាំងពីរក្នុងការធ្វើការងារឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀតនៅក្នុងផ្នែកសន្តិសុខ ពាណិជ្ជកម្ម និងការពារជាតិ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





