ប្រធានាធិបតីតួកគីប្រាប់ទៅសមភាគីស៊ីរីថា ការវាយប្រហាររបស់អ៊ីស្រាអែលទៅលើស៊ីរីជារឿងដែលមិនអាចទទួលយកបាន
AKP ភ្នំពេញ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ -- នាយកទំនាក់ទំនងរបស់តួកគីបាននិយាយថា ប្រធានាធិបតីតួកគី និងស៊ីរី កាលពីថ្ងៃព្រហស្បតិ៍បានជជែកគ្នាតាមទូរស័ព្ទ និងបានពិភាក្សាអំពីការវិវត្តចុងក្រោយបង្អស់នៅក្នុងប្រទេសស៊ីរីបន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែល។
ប្រធានាធិបតីតួកគី លោក រេសេប តាយយីប អឺដូហ្គែន (Recep Tayyip Erdogan) បានប្រាប់ទៅសមភាគីស៊ីរី លោក អាម៉ាដ អាល់-សារ៉ា (Ahmad al-Sharaa) ថា ការវាយប្រហាររបស់អ៊ីស្រាអែលទៅលើស៊ីរី គឺជារឿងដែលមិនអាចទទួលយកបាន ដោយលោកបាននិយាយបន្ថែមថា «ការឈ្លានពានរបស់អ៊ីស្រាអែលបានបង្កជាការគំរាមកំហែងដល់តំបន់ទាំងមូល»។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់នាយកទំនាក់ទំនងអ៊ីស្រាអែល។
ដោយកត់សម្គាល់ថា ទីក្រុងអង់ការ៉ាស្វាគមន៍បទឈប់បាញ់គ្នាដែលសម្រេចបានជាមួយក្រុម Druze នៅក្នុងប្រទេសស៊ីរី លោក អឺដូហ្គែន បាននិយាយថា តួកគីនឹងបន្តគាំទ្រប្រជាជនស៊ីរីដូចដែលខ្លួនបានធ្វើកន្លងមក។
សេចក្តីថ្លែងការណ៍នោះបាននិយាយថា សម្រាប់ភាគីស៊ីរី លោក អាល់-សារ៉ា បានសម្តែងការដឹងគុណចំពោះប្រធានាធិបតីតួកគីសម្រាប់ការគាំទ្ររបស់ទីក្រុងអង់ការ៉ាក្នុងការរក្សាការឯកភាពនយោបាយរបស់ប្រទេសស៊ីរី ការធានានូវបូរណភាពទឹកដី និងការរក្សាអធិបតេយ្យភាពរបស់ខ្លួន៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





