ប្រធានាធិបតីអ៊ុយក្រែនតែងតាំងអតីតនាយករដ្ឋមន្ត្រីជារដ្ឋមន្ត្រីការពារជាតិថ្មី
AKP ភ្នំពេញ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ -- ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelensky) កាលពីថ្ងៃពុធ បានស្នើទៅសភា Verkhovna Rada នៃសភាអ៊ុយក្រែន ដើម្បីតែងតាំងអតីតនាយករដ្ឋមន្ត្រី លោក ដេនីស ស្មីហាល (Denys Shmyhal) ជារដ្ឋមន្ត្រីការពារជាតិថ្មីរបស់ប្រទេសនេះ។
លោក ហ្សេលេនស្គី បាននិយាយនៅក្នុងសារបង្ហោះនៅលើបណ្ដាញសង្គមតេឡេក្រាម (Telegram) ថា «ថ្ងៃនេះ ខ្ញុំបានចុះហត្ថលេខាលើឯកសាររួចហើយទៅកាន់សភា Verkhovna Rada នៃប្រទេសអ៊ុយក្រែនទាក់ទងនឹងលោក ដេនីស ស្មីហាល ជារដ្ឋមន្ត្រីការពារជាតិថ្មី»។
លោក ហ្សេលេនស្គី ក៏បានប្រកាសថា លោក ហឺមេន ស្មេតានីន (Herman Smetanin) រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មយុទ្ធសាស្ត្រនឹងដឹកនាំក្រុមហ៊ុនការពារជាតិ Ukroboronprom របស់ប្រទេស។
លោក ស្មីហាល បាននិយាយថា លោកបានដាក់លិខិតលាលែងពីតំណែងដែលជាផ្នែកមួយនៃការដោះដូររដ្ឋាភិបាលរបស់ប្រទេស។ នៅព្រឹកថ្ងៃដដែល សភាបានអនុម័តលើការលាលែងពីតំណែងរបស់លោក ស្មីហាល ដែលបង្កឱ្យមានការលាលែងពីតំណែងរបស់រដ្ឋាភិបាលទាំងមូលស្របតាមច្បាប់របស់អ៊ុយក្រែន។ គណៈរដ្ឋមន្ត្រីដែលចាកចេញនឹងបន្តអនុវត្តភារកិច្ចរបស់ខ្លួនរហូតដល់រដ្ឋាភិបាលថ្មីត្រូវបានបង្កើតឡើង៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





