ខ្មាន់កាំភ្លើងបានសម្លាប់មនុស្ស ២៧នាក់នៅភាគកណ្តាលប្រទេសនីហ្សេរីយ៉ា
AKP ភ្នំពេញ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ -- មន្ត្រីជាន់ខ្ពស់មួយរូបបាននិយាយកាលពីថ្ងៃពុធថា មនុស្សយ៉ាងហោចណាស់ ២៧នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយខ្មាន់កាំភ្លើងដែលសង្ស័យនៅក្នុងរដ្ឋប្លាតូ ភាគកណ្តាលប្រទេសនីហ្សេរីយ៉ា ដែលថ្មីៗនេះបានឃើញមានការវាយប្រហារកើនឡើង។
លោក កាឡេប មូហ្វវ៉ាង (Caleb Mutfwang) អភិបាលនៃតំបន់ខ្ពង់រាបបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងអំឡុងពេលការវាយតម្លៃនៅនឹងកន្លែងអំពីគ្រោះមហន្តរាយនៅក្នុងសហគមន៍ Bindi នៃតំបន់ Riyom ថា ក្រៅពីការស្លាប់បាត់បង់ជីវិត ខ្មាន់កាំភ្លើងក៏បានបំផ្លាញផ្ទះសម្បែង ដំណាំលើដីស្រែចម្ការ និងទ្រព្យសម្បត្តិដ៏មានតម្លៃផ្សេងទៀតក្នុងអំឡុងពេលការវាយប្រហារ។
ខ្មាន់កាំភ្លើងបានជិះម៉ូតូចូលទៅក្នុងសហគមន៍ដោយបាញ់មិនរើសមុខចំពោះអ្នកស្រុក ហើយដុតផ្ទះ និងដីស្រែចម្ការ។
លោកអភិបាលបាននិយាយថា «ខ្ញុំកំពុងអំពាវនាវឱ្យភ្នាក់ងារសន្តិសុខបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេឡើងវិញ។ យើងត្រូវវាយតម្លៃឡើងវិញនូវយុទ្ធសាស្ត្រ និងកលល្បិចរបស់យើង» ដោយលោកបានអំពាវនាវឱ្យមានការខិតខំប្រឹងប្រែងរួមគ្នាដើម្បីបញ្ឈប់ការបង្ហូរឈាម និងការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ។
រដ្ឋប្លាតូដែលមានទីតាំងនៅតំបន់កណ្តាលរបស់ប្រទេសនីហ្សេរីយ៉ា រវាងភាគខាងជើងដែលគ្រប់គ្រងដោយមូស្លីម និងភាគខាងត្បូងដែលភាគច្រើនជាគ្រិស្តសាសនាបានឃើញការវាយប្រហារម្តងហើយម្តងទៀតក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។
ការវាយប្រហារប្រដាប់ដោយអាវុធគឺជាការគំរាមកំហែងផ្នែកសន្តិសុខចម្បងនៅក្នុងតំបន់ភាគខាងជើង និងកណ្តាលរបស់ប្រទេសនីហ្សេរីយ៉ា ដែលនាំឱ្យមានការស្លាប់ និងការចាប់ជំរិតក្នុងប៉ុន្មានខែថ្មីៗនេះ៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





