កេនយ៉ាចាក់វ៉ាក់សាំងកុមារជាង ២១លាននាក់ប្រឆាំងនឹងជំងឺគ្រុនពោះវៀន និងកញ្ជ្រឹល
AKP ភ្នំពេញ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ -- មន្ត្រីរដ្ឋាភិបាលបាននិយាយថា ប្រទេសកេនយ៉ាបានចាក់វ៉ាក់សាំងកុមារប្រមាណ ២១,៣លាននាក់ប្រឆាំងនឹងជំងឺគ្រុនពោះវៀន និងជំងឺកញ្ជ្រឹលនៅក្នុងយុទ្ធនាការចុងក្រោយរបស់ខ្លួនប្រឆាំងនឹងជំងឺឆ្លងទាំងពីរ ដែលជាការជំរុញការចាក់វ៉ាក់សាំងដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសអាហ្រ្វិកខាងកើត។
លោក អេដេន ឌូអាឡេ (Aden Duale) លេខាធិការខុទ្ទកាល័យក្រសួងសុខាភិបាលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយនៅក្នុងរដ្ឋធានីណៃរ៉ូប៊ី នៃប្រទេសកេនយ៉ាថា កុមារ ១៦,១លាននាក់បានទទួលថ្នាំបង្ការជំងឺគ្រុនពោះវៀន ហើយកុមារ ៥,១៨លាននាក់ត្រូវបានចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកញ្ជ្រឹល និងស្អូច។
លោក ឌូអាឡេ បាននិយាយថា «កុមារជាង ៧៤.០០០នាក់ដែលមិនបានទទួលការចាក់ថ្នាំបង្ការជាប្រចាំត្រូវបានគេកំណត់អត្តសញ្ញាណ និងចាក់វ៉ាក់សាំងដែលជាព្រឹត្តិការណ៍ដ៏គួរឱ្យកត់សម្គាល់មួយនៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់យើងដោយមិនទុកឱ្យនរណាម្នាក់នៅពីក្រោយ»។
លោកបានបន្តថា វ៉ាក់សាំងជំងឺគ្រុនពោះវៀនសម្រេចបានការគ្របដណ្តប់ជាតិ ៨៤% ខណៈវ៉ាក់សាំងជំងឺកញ្ជ្រឹលសម្រេចបាន ៨១% ។
ក្រសួងសុខាភិបាលបាននិយាយថា វ៉ាក់សាំងប្រឆាំងនឹងជំងឺគ្រុនពោះវៀនឥឡូវនេះត្រូវបានដាក់បញ្ចូលក្នុងការចាក់វ៉ាក់សាំងជាតិរបស់ប្រទេសកេនយ៉ា ដើម្បីប្រយុទ្ធប្រឆាំងនឹងទម្រង់ដែលធន់នឹងថ្នាំនៃជំងឺនេះ។
យោងតាមអង្គការសុខភាពពិភពលោក ជំងឺគ្រុនពោះវៀនគឺបណ្តាលមកពីបាក់តេរី Salmonella typhi ដែលឆ្លងតាមរយៈអាហារ និងទឹកដែលមានមេរោគ ខណៈជំងឺកញ្ជ្រឹលគឺជាមូលហេតុមួយក្នុងចំណោមមូលហេតុចម្បងនៃការស្លាប់ក្នុងចំណោមកុមារតូចៗនៅទូទាំងពិភពលោក៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





