លោក លី និងប្រធានាធិបតីតួកគីយល់ព្រមពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រ
AKP ភ្នំពេញ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ -- ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូងបាននិយាយថា លោក លី ជេយ៉ុង (Lee Jae Myung) និងប្រធានាធិបតីតួកគី លោក រេសេប តាយយីប អឺដូហ្គេន (Recep Tayyip Erdogan) កាលពីថ្ងៃព្រហស្បតិ៍បានព្រមព្រៀងគ្នាក្នុងការពង្រឹងបន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ។
អ្នកនាំពាក្យប្រធានាធិបតី លោក កាង យូជុង (Kang Yu-jung) បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា នៅក្នុងការសន្ទនាតាមទូរស័ព្ទ មេដឹកនាំទាំងពីរបានវាយតម្លៃពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជិតស្និទ្ធលើវិស័យដូចជា ពាណិជ្ជកម្ម និងការវិនិយោគ ហើយបានសន្យាពង្រីកកិច្ចសហប្រតិបត្តិការជាក់ស្តែងបន្ថែមទៀតក្នុងវិស័យការពារជាតិ អាវុធ ថាមពលនុយក្លេអ៊ែរ និងថាមពលបៃតង។
លោក លី ត្រូវបានដកស្រង់សម្តីថា «ខ្ញុំរីករាយណាស់ដែលប្រទេសរបស់យើងទាំងពីរបានបន្តអភិវឌ្ឍទំនាក់ទំនងដោយផ្អែកលើចំណងប្រវត្តិសាស្ត្រដែលបានបង្កើតឡើងក្នុងអំឡុងសង្គ្រាមកូរ៉េ»។
លោក កាង បានបន្ថែមថា មេដឹកនាំតួកគីបានអបអរសាទរចំពោះលោក លី ដែលបានចូលកាន់តំណែង និងបានសម្តែងការគោរពចំពោះការស្ដារឡើងវិញនូវលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកូរ៉េខាងត្បូង និងភាពរឹងមាំរបស់ប្រជាជនកូរ៉េ៕
ដោយ៖ មូល មិនា (ប្រភព៖ យ៉ុនហាប់)





