ឯកឧត្តម ប្រាក់ សុខយូរ អញ្ជើញបើកវគ្គបណ្តុះបណ្តាលស្តីពីនវានុវត្តន៍ក្នុងរដ្ឋបាលសាធារណៈ ជូនមន្ត្រីរាជការក្រសួង និងមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
AKP ភ្នំពេញ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥--
ឯកឧត្តម ប្រាក់ សុខយូរ រដ្ឋលេខាធិការប្រចាំការ បានអញ្ជើញចូលរួមជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពីនវានុវត្តន៍ក្នុងរដ្ឋបាលសាធារណៈ ជូនមន្ត្រីរាជការក្រសួង និងមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានី ខេត្ត នៅទីស្តីការក្រសួងសង្គមកិច្ច នាថ្ងៃព្រហស្បតិ៍ ទី១៧ ខែកក្កដា ឆ្នាំ២០២៥។

វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងដើម្បីពង្រឹងសមត្ថភាព និងបង្កើតការយល់ដឹងដល់មន្ត្រីរាជការលើការបង្កើត គំនិតថ្មីៗក្នុងរដ្ឋបាលសាធារណៈ ការងារអភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋឱ្យក្លាយជារដ្ឋបាលសាធារណៈទំនើប និងគោលបំណងបង្កើតចំណេះដឹង ទាក់ទងការងាររដ្ឋបាលផ្សេងៗ ដែលជាទុនសម្រាប់បង្ហាញផ្លូវដល់មន្ត្រី រាជការក្រសួងក្នុងការអនុវត្តមុខងាររបស់ខ្លួនប្រកបដោយវិជ្ជាជីវៈ និងស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការផ្តល់សេវាគាំពារដល់មុខសញ្ញាក្នុងវិស័យ សង្គមកិច្ច ដែលទាក់ទងការងារកុមារកំព្រា ជនងាយរងគ្រោះ ស្ត្រី ជន ចាស់ជរា ជនមានពិការភាព អតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងកម្មវិធី ជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារផងដែរ។

ឯកឧត្តម ប្រាក់ សុខយូរ បានលើកឡើងថា វគ្គបណ្តុះបណ្តាលស្តីពីនវានុវត្តន៍ក្នុងរដ្ឋបាលសាធារណៈជូនដល់មន្ត្រីរាជការក្រសួង ស.អ.យ. និងមន្ទីរ រាជធានី ខេត្ត គឺដើម្បីឆ្លើយតបទៅនឹងផែនការយុទ្ធសាស្ត្រអភិវឌ្ឍ វិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងផែនការសកម្មភាព ឆ្នាំ២០២៥ របស់ក្រសួង ដែលមាននាយកដ្ឋានរដ្ឋបាល និងបុគ្គលិកជាសេនាធិការក្នុងការទទួលខុសត្រូវអនុវត្តលើកិច្ចការនេះ៕

ដោយ ណយ នឿន (ប្រភព៖ ក្រសួងសង្គមកិច្ច)





