ក្រុមហ៊ុនអាកាសចរណ៍ Ethiopian Airlines ចាប់ផ្តើមជើងហោះហើរប្រចាំថ្ងៃទៅកាន់ទីក្រុងអាប៊ូដាប៊ី
AKP ភ្នំពេញ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ -- ក្រុមហ៊ុនអាកាសចរណ៍Ethiopian Airlines ដែលជាក្រុមហ៊ុនអាកាសចរណ៍ឈានមុខគេរបស់ទ្វីបអាហ្រ្វិកបានចាប់ផ្តើមសេវាកម្មហោះហើរប្រចាំថ្ងៃថ្មីសម្រាប់អ្នកដំណើរទៅកាន់ទីក្រុងអាប៊ូដាប៊ី រដ្ឋធានីនៃប្រទេសអេមីរ៉ាតអារ៉ាប់រួម (UAE)។
លោក មេសហ្វីន តាសេវ (Mesfin Tasew) នាយកប្រតិបត្តិនៃក្រុមហ៊ុនអាកាសចរណ៍ Ethiopian Airlines Group បាននិយាយក្នុងព្រឹត្តិការណ៍មួយនៅទីក្រុងអាដឌីសអាបាបា រដ្ឋធានីនៃប្រទេសអេត្យូពីថាសេវាកម្មថ្មីនេះនឹងធ្វើឱ្យកិច្ចសហប្រតិបត្តិការទ្វេភាគីឈានដល់កម្រិតថ្មីមួយហើយរួមចំណែកយ៉ាងសំខាន់ដល់វិស័យពាណិជ្ជកម្ម ការវិនិយោគ និងទេសចរណ៍រវាងប្រទេសទាំងពីរ។
លោកបានបន្ថែមថា ជើងហោះហើរថ្មីរបស់ក្រុមហ៊ុនអាកាសចរណ៍នេះនឹងពង្រឹងការតភ្ជាប់រវាងទ្វីបអាហ្រ្វិក និងមជ្ឈិមបូព៌ា ដោយបង្កើតឱកាសមួយដើម្បីពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការរវាងតំបន់ទាំងពីរ។
យោងតាមសេចក្តីថ្លែងការណ៍ចេញផ្សាយដោយក្រុមហ៊ុនបានឱ្យដឹងថា បច្ចុប្បន្នក្រុមហ៊ុនអាកាសចរណ៍នេះបើកដំណើរការជើងហោះហើរដោយដឹកអ្នកដំណើរជាង ១០០នាក់ប្រចាំសប្តាហ៍ទៅកាន់ ១៣គោលដៅនៅទូទាំងមជ្ឈឹមបូព៌ា និងតំបន់ឈូងសមុទ្រ។ កាលពីខែមិថុនា ក្រុមហ៊ុនអាកាសចរណ៍ Ethiopian Airlines ក៏បានបើកដំណើរការសេវាកម្មដឹកអ្នកដំណើរថ្មី ៤ដងក្នុងមួយសប្តាហ៍ទៅកាន់ទីក្រុងសារចាហ៍ ក្នុងប្រទេសUAE ។
សេចក្តីថ្លែងការណ៍បាននិយាយថា ជើងហោះហើរថ្មីនេះគឺជាផ្នែកមួយនៃកិច្ចព្រមព្រៀងបណ្តាក់ទុនរួមគ្នាដ៏សំខាន់រវាងក្រុមហ៊ុនអាកាសចរណ៍Ethiopian Airlines និងក្រុមហ៊ុនអាកាសចរណ៍ Etihad Airways របស់ប្រទេស UAE ដែលត្រូវបានរចនាឡើងដើម្បីជំរុញកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធរវាងក្រុមហ៊ុនអាកាសចរណ៍ទាំងពីរ។ កិច្ចព្រមព្រៀងនេះគាំទ្រដល់ការអភិវឌ្ឍរួមគ្នា និងការពង្រីកជើងហោះហើររវាងប្រទេសអេត្យូពី និងអេមីរ៉ាតអារ៉ាប់រួម និងពង្រឹងការតភ្ជាប់នៅទូទាំងបណ្តាញលើពិភពលោក៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





