ម៉ូសំប៊ិករាយការណ៍ពីករណីជំងឺ mpox ថ្មីចំនួន ៣ករណី
AKP ភ្នំពេញ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ -- យោងតាមលោក អ៊ីណូសេនស៊ីអូ អ៊ីមភីសសា (Inocencio Impissa) អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីបានឱ្យដឹងថា អាជ្ញាធរប្រទេសម៉ូសំប៊ិកបានបញ្ជាក់ពីករណីថ្មីចំនួន ៣នៃជំងឺអ៊ឹមផក (mpox) ដែលពីមុនត្រូវបានគេស្គាល់ថាជាជំងឺស្វាស។
ថ្លែងសារកាលពីថ្ងៃអង្គារ លោក អ៊ីមភីសសា បាននិយាយថា ករណីទាំងនេះគឺជាពលរដ្ឋម៉ូសំប៊ិក ៣នាក់ដែលបានធ្វើដំណើររវាងប្រទេសម៉ូសំប៊ិក និងប្រទេសម៉ាឡាវី ហើយត្រូវបានកំណត់អត្តសញ្ញាណនៅក្នុងខេត្តនីអាសសា ភាគខាងជើងប្រទេសម៉ូសំប៊ិក។
លោក អ៊ីមភីសសា បានប្រាប់សន្និសីទសារព័ត៌មាននៅទីក្រុងបៃរ៉ាខេត្តសូហ្វាឡាថា «អ្វីដែលប្រទេសនេះបានធ្វើគឺដាក់ពួកគេឱ្យនៅដាច់ពីគេដើម្បីអាចត្រួតពិនិត្យការពារពួកគេពីការរីករាលដាលនៃជំងឺ។
យោងតាមអាជ្ញាធរសុខាភិបាលបានឱ្យដឹងថា ជាមួយនឹងការឆ្លងថ្មីទាំងបីនេះ ចំនួនសរុបនៃករណី mpox ដែលបានបញ្ជាក់នៅក្នុងប្រទេសម៉ូសំប៊ិកបានកើនឡើងដល់ ១១ករណី។ ប្រទេសម៉ូសំប៊ិកបានកត់ត្រាករណី mpox ដំបូងរបស់ខ្លួនក្នុងឆ្នាំ២០២២ នៅរដ្ឋធានីម៉ាពូតូ៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





