ឥណ្ឌូណេស៊ីមើលឃើញឱកាសដ៏អស្ចារ្យក្នុងការជំរុញការនាំចេញទៅកាន់អឺរ៉ុប
AKP ភ្នំពេញ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ -- សភាពាណិជ្ជកម្ម និងឧស្សាហកម្មឥណ្ឌូណេស៊ី (Kadin) បានបង្ហាញសុទិដ្ឋិនិយមថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយឥណ្ឌូណេស៊ី-សហភាពអឺរ៉ុប (IEU-CEPA) នឹងជំរុញពាណិជ្ជកម្មរវាងភាគីទាំងពីរ។
ប្រធាន Kadin លោក អានីនឌីយ៉ា បាគ្រី (Anindya Bakrie) បាននិយាយកាលពីពេលថ្មីៗនេះថា «នេះគឺជារបកគំហើញមួយនៅក្នុងវិស័យពាណិជ្ជកម្មអន្តរជាតិសម្រាប់ប្រទេសឥណ្ឌូណេស៊ី និងសហភាពអឺរ៉ុបដោយមានកិច្ចចរចារដែលចំណាយពេលវេលាអស់ជិតមួយទសវត្សរ៍ដើម្បីបញ្ចប់វា»។
លោក បាគ្រី បានកត់សម្គាល់ថា នៅក្នុងឆ្នាំ២០២៤ ពាណិជ្ជកម្មទ្វេភាគីបានឈានដល់តម្លៃ ២៧,៣ពាន់លានអឺរ៉ូ (៣០,១ពាន់លានដុល្លារអាម៉េរិក)។លោកបានលើកយកកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយសហភាពអឺរ៉ុប-វៀតណាម ជាឧទាហរណ៍ ដោយបាននិយាយថាពាណិជ្ជកម្មរវាងភាគីទាំងពីរបានកើនឡើង ២០% ពីតម្លៃ ៥៦ពាន់លានអឺរ៉ូមុនពេលចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះរហូតដល់ ៦៧ពាន់លានអឺរ៉ូបន្ទាប់ពីការផ្តល់សច្ចាប័ន។
លោកបានបញ្ជាក់ថា នៅក្នុងសម័យបច្ចុប្បន្ន ក្រុមហ៊ុនឥណ្ឌូណេស៊ីនិងសមាជិក Kadin ត្រូវតែធ្វើពិពិធកម្ម។ ក្រុមហ៊ុនធុរកិច្ចគួរតែស្វែងរកទីផ្សារថ្មីឱ្យបានយ៉ាងសកម្ម ដើម្បីពង្រីកពាណិជ្ជកម្មអន្តរជាតិ និងជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌូណេស៊ី។
ទន្ទឹមនឹងនោះដែរ រដ្ឋមន្ត្រីវិនិយោគឥណ្ឌូណេស៊ី លោក រ៉ូសាន រ៉ូអេស្លានី (Rosan Roeslani) បានបញ្ជាក់ថា IEU-CEPA នឹងត្រូវចុះហត្ថលេខានៅក្នុងខែកញ្ញាខាងមុខ។
យោងតាមលោករដ្ឋមន្ត្រី បានឱ្យដឹងថា ពាណិជ្ជកម្មរបស់ឥណ្ឌូណេស៊ីជាមួយសហភាពអឺរ៉ុប អាចកើនឡើងទ្វេដងពី ៣០ពាន់លានដុល្លារអាម៉េរិកដល់ ៦០ពាន់លានដុល្លារអាម៉េរិក នៅពេលដែលកិច្ចព្រមព្រៀងនេះត្រូវបានអនុវត្ត៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





