នាយករដ្ឋមន្ត្រីថៃដែលត្រូវបានព្យួរតួនាទី កំពុងស្វែងរកពេលវេលាបន្ថែមទៀតដើម្បីដាក់ពាក្យការពារនៅតុលាការធម្មនុញ្ញ
AKP ភ្នំពេញ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ -- នាយករដ្ឋមន្ត្រីថៃដែលត្រូវបានព្យួរតួនាទី លោកស្រី ផែថុងថាន ស៊ីណាវ៉ាត់ (Paetongtarn Shinawatra) បានស្នើឱ្យតុលាការធម្មនុញ្ញថៃផ្តល់ពេលវេលាបន្ថែមទៀតដើម្បីដាក់សេចក្តីថ្លែងការណ៍ការពារក្តីក្នុងសំណុំរឿងក្រមសីលធម៌ដែលអាចឈានទៅដល់ការបណ្តេញចេញពីតំណែង។ នេះបើយោងតាមការឱ្យដឹងពីអគ្គលេខាធិការការិយាល័យនាយករដ្ឋមន្ត្រីថៃ លោក ព្រហ្មមីន ឡឺតស៊ូរីដេត (Prommin Lertsuridej)។
លោក ព្រហ្មមីន បាននិយាយថា រយៈពេល ១៥ថ្ងៃសម្រាប់ការធ្វើសេចក្តីថ្លែងការណ៍ត្រូវផុតនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ នេះ។ តុលាការមិនទាន់បានឆ្លើយតបនឹងសំណើនេះ ឬបញ្ជាក់ថានឹងផ្តល់ពេលវេលាប៉ុន្មានទៀតនៅឡើយទេ។
នៅពេលមុននេះ កាលពីថ្ងៃទី០១ ខែកក្កដា តុលាការធម្មនុញ្ញថៃបានព្យួរតួនាទីជានាយករដ្ឋមន្រ្តីពីលោកស្រី ផែថុងថាន បន្ទាប់ពីសមាជិកព្រឹទ្ធសភាមួយក្រុមមានគ្នា ៣៦រូប បានដាក់ញត្តិចោទប្រកាន់លោកស្រីពីបទរំលោភលើក្រមសីលធម៌ជុំវិញការលើកឡើងរបស់លោកស្រីនៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយអតីតនាយករដ្ឋមន្ត្រីកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។
សំណុំរឿងរបស់តុលាការនេះ គឺជាការគំរាមកំហែងដ៏ធំបំផុតចំពោះអាជីពនយោបាយជាលើកដំបូងរបស់លោកស្រី ផែថុងថាន និងរដ្ឋាភិបាលដែលមានអាយុតិចជាងឆ្នាំរបស់លោកស្រី។
លោកស្រីបានឡើងកាន់អំណាចកាលពីខែសីហាឆ្នាំមុន បន្ទាប់ពីអតីតនាយករដ្ឋមន្រ្តីថៃ លោក ស្រេតថា ថាវីស៊ីន ត្រូវបានបណ្តេញចេញពីតំណែងនៅក្នុងករណីទាក់ទងនឹងក្រមសីលធម៌ស្រដៀងគ្នានេះ ជុំវិញការតែងតាំងរដ្ឋមន្ត្រីគណរដ្ឋមន្រ្តីដែលមានប្រវត្តិប្រព្រឹត្តបទឧក្រិដ្ឋ។
លោកស្រី ផែថុងថាន ត្រូវប្រឈមមុខនឹងការដកសិទ្ធិ និងការដកតំណែង ប្រសិនបើតុលាការរកឃើញថាលោកស្រីមានកំហុស។
នាយករដ្ឋមន្ត្រីដែលត្រូវបានព្យួរតួនាទីរូបនេះ ក៏ប្រឈមមុខនឹងការស៊ើបអង្កេតដាច់ដោយឡែកមួយទៀតពីគណៈកម្មាធិការជាតិប្រឆាំងអំពើពុករលួយជុំវិញការចោទប្រកាន់ដូចគ្នានេះផងដែរ។
កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ថា ប្រសិនបើក្រុមប្រឹក្សាកំណត់ថាមានភស្តុតាងគ្រប់គ្រាន់ វាអាចនឹងឈានទៅដល់ការចោទប្រកាន់លោកស្រី ផែថុងថាន ជាផ្លូវការ ហើយបញ្ជូនសំណុំរឿងនេះទៅតុលាការកំពូលដើម្បីវិនិច្ឆ័យ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





