អ៊ីរ៉ង់ត្រៀមខ្លួនរួចជាស្រេចដើម្បីបន្តកិច្ចចរចានុយក្លេអ៊ែរ
AKP ភ្នំពេញ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ -- រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក សេយ៉េដ អាប់បាស់ អារ៉ាកជី (Seyed Abbas Araghchi) បាននិយាយកាលពីពេលថ្មីៗនេះថា ប្រទេសអ៊ីរ៉ង់តែងតែត្រៀមខ្លួនសម្រាប់កិច្ចពិភាក្សាស្តីពីកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។
លោក អារ៉ាកជី បាននិយាយនៅក្នុងកិច្ចប្រជុំមួយជាមួយបណ្តាឯកអគ្គរដ្ឋទូត និងអ្នកតំណាងបរទេសថា «ទោះជាយ៉ាងនេះក្តី វាគួរតែត្រូវបានធានានៅក្នុងករណីកិច្ចចរចាចាប់ផ្តើមម្តងទៀត ដែលនឹងមិននាំឱ្យមានសង្រ្គាមដែលត្រូវឡើងធ្វើដោយសហរដ្ឋអាមេរិក ឬភាគីណាមួយផ្សេងទៀតនោះឡើយ»។
លោក អារ៉ាកជី ត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌មាននិស្សិតអ៊ីរ៉ង់ដែលបាននិយាយថា ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងអ៊ីរ៉ង់នាពេលថ្មីៗនេះ បានបង្ហាញថា មិនមានជម្រើសអ្វីផ្សេងក្រៅពីការវិលត្រឡប់ទៅរកការទូត និងដំណោះស្រាយដែលបានចរចា និងការព្រមព្រៀងគ្នានោះទេ។
លោកបាននិយាយថា សហរដ្ឋអាមេរិកបានក្បត់កិច្ចការងារការទូត និងតុចរចា ដោយបានជួយអ៊ីស្រាអែលក្នុងការវាយលុកប្រទេសអ៊ីរ៉ង់ និងបានកំណត់គោលដៅដោយផ្ទាល់ទៅលើរោងចក្រនុយក្លេអ៊ែរអ៊ីរ៉ង់នៅពេលបន្ទាប់មកទៀត។
ដោយសំដៅទៅលើការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលទៅលើទីតាំងនុយក្លេអ៊ែរ និងទីតាំងយោធារបស់អ៊ីរ៉ង់ និងការវាយប្រហាររបស់សហរដ្ឋអាមេរិកកាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ កន្លងមក លោក អារ៉ាកជី បាននិយាយថា ប្រសិនបើសហរដ្ឋអាមេរិក និងអ្នកដទៃចង់បន្តកិច្ចចរចាជាមួយអ៊ីរ៉ង់ ជាដំបូងគួរតែមានការធានាយ៉ាងម៉ឺងម៉ាត់ថា សកម្មភាពបែបនេះនឹងមិនកើតឡើងម្តងទៀតទេ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ឆាយណាដេលី)





