ប្រទេសចិនជាប់ចំណាត់ថ្នាក់លេខ២ សម្រាប់ការអប់រំ STEM
AKP ភ្នំពេញ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ -- ប្រទេសចិនបានជាប់ចំណាត់ថ្នាក់លេខ២ នៅទូទាំងពិភពលោកក្នុងការអភិវឌ្ឍការអប់រំ STEM ដែលតាមពីក្រោយសហរដ្ឋអាមេរិកតែប៉ុណ្ណោះ។ នេះបើយោងតាមសន្ទស្សន៍ថ្មីដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យដោយក្រុមអ្នកគិតផ្នែកអប់រំ STEM នៃសាកលវិទ្យាល័យតុងជី ក្នុងទីក្រុងសៀងហៃ។
សន្ទស្សន៍អភិវឌ្ឍន៍ការអប់រំ STEM ពិភពលោកឆ្នាំ២០២៥ ដែលជាឧបករណ៍វាយតម្លៃគ្រប់ជ្រុងជ្រោយដំបូងបង្អស់របស់ពិភពលោកសម្រាប់ការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យាថ្នាក់ជាតិ និងថ្នាក់តំបន់ បានដាក់សហរដ្ឋអាមេរិកនៅក្នុងចំណាត់ថ្នាក់កំពូលដោយមាន៨៦,៥០ពិន្ទុ។ ប្រទេសចិនតាមពីក្រោយយ៉ាងប្រកៀកជាមួយនឹង ៨៥,៤៦ពិន្ទុ។ប្រទេសស្វីស សិង្ហបុរី និងដាណឺម៉ាក ស្ថិតក្នុងចំណោមប្រទេសកំពូលទាំងប្រាំ។
សន្ទស្សន៍ដែលត្រូវបានបង្កើតឡើងដោយមានការណែនាំសិក្សាពីសង្គមចិននៃយុទ្ធសាស្រ្តអភិវឌ្ឍន៍ការអប់រំ និងទិន្នន័យពី Elsevier នេះ បានវាយតម្លៃជាប្រព័ន្ធនូវកម្រិតនៃការអភិវឌ្ឍន៍ការអប់រំ STEM នៃប្រទេសនិងតំបន់ធំៗចំនួន៤០ នៅទូទាំងពិភពលោក។ វាបានបង្កើតសូចនាករចំនួន២២នៅទូទាំងបីវិមាត្រ គឺគោលនយោបាយ និងធនធាន ដំណើរការអប់រំ និងលទ្ធផល និងផលប៉ះពាល់ ក្នុងគោលបំណងផ្តល់នូវស្តង់ដារវិទ្យាសាស្ត្រសម្រាប់ការបង្កើនប្រសិទ្ធភាពយុទ្ធសាស្ត្រអប់រំ STEM ជាតិ។
អ្នកតំណាងមកពីសាកលវិទ្យាល័យតុងជី បានលើកឡើងពីការកើនឡើងនៃការប្រកួតប្រជែងផ្នែកបច្ចេកវិទ្យាជាសកល ដោយលោកបានបញ្ជាក់ថា ការអប់រំ STEM បានក្លាយជាសសរស្តម្ភស្នូលដែលគាំទ្រដល់សមត្ថភាពនវានុវត្តន៍ជាតិ និងការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់។
ការចេញផ្សាយនូវសន្ទស្សន៍នេះ គឺជាការឆ្លើយតបដោយផ្ទាល់ទៅនឹងគោលការណ៍ណែនាំដែលបានបោះពុម្ពរួមគ្នាកាលពីក្នុងខែមករាដោយគណៈកម្មាធិការកណ្តាលនៃបក្សកុម្មុយនិស្តចិន និងក្រុមប្រឹក្សារដ្ឋ ដែលបានអំពាវនាវឱ្យមានការពង្រឹងកិច្ចសហប្រតិបត្តិការអប់រំ STEM អន្តរជាតិឱ្យកាន់តែស៊ីជម្រៅ និងបង្កើតសន្ទស្សន៍ និងរបាយការណ៍ដែលមានឥទ្ធិពលជាអន្តរជាតិ។
ការគូសបញ្ជាក់បន្ថែមទៅលើការទទួលស្គាល់ជាអន្តរជាតិនៃការអនុវត្តSTEM របស់ប្រទេសចិន គឺការបង្កើតមជ្ឈមណ្ឌលប្រភេទទី១ ដំបូងបង្អស់របស់អង្គការយូណេស្កូនៅខាងក្រៅទ្វីបអឺរ៉ុប និងអាម៉េរិកខាងជើង ដែលជាវិទ្យាស្ថានអន្តរជាតិសម្រាប់ការអប់រំ STEM នៅក្នុងទីក្រុងសៀងហៃ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ឆាយណាដេលី)





