គណៈប្រតិភូក្រសួងគ្រាអាសន្នរុស្ស៊ីធ្វើទស្សនកិច្ចនៅទីក្រុងព្យុងយ៉ាង
AKP ភ្នំពេញ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ -- យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីបានឱ្យដឹងថា គណៈប្រតិភូមកពីក្រសួងគ្រាអាសន្នរុស្ស៊ីបានមកដល់ទីក្រុងព្យុងយ៉ាងដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការសក្តានុពលក្នុងវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។
យោងតាមរបាយការណ៍សារព័ត៌មាន Tass កាលពីថ្ងៃអង្គារ បានឱ្យដឹងថា គណៈប្រតិភូដឹកនាំដោយអនុប្រធានក្រសួង លោក រ៉ូម៉ាន គូរីនីន (Roman Kurynin) បានធ្វើដំណើរមកដល់ប្រទេសកូរ៉េខាងជើង តាមការអញ្ជើញរបស់គណៈកម្មាធិការគ្រោះមហន្តរាយរដ្ឋរបស់ប្រទេសកូរ៉េខាងជើង។
ក្រសួងក៏បានកត់សម្គាល់ផងដែរថា គណៈប្រតិភូនឹងទៅទស្សនាកន្លែងបង្ការ និងឆ្លើយតបគ្រោះមហន្តរាយនៅក្នុងប្រទេសកូរ៉េខាងជើងក្នុងអំឡុងពេលធ្វើដំណើរ និងធ្វើការពិភាក្សាលើកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ក៏ដូចជាក្នុងការបណ្តុះបណ្តាលអ្នកជំនាញពន្លត់អគ្គីភ័យ និងជួយសង្គ្រោះផងដែរ។
សារព័ត៌មាន Tass បានដកស្រង់សម្តីលោក គូរីនីន ថា «យើងរីករាយដែលសហការីកូរ៉េចាប់អារម្មណ៍លើការងាររួមគ្នាក្នុងវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ក្រសួងបានប្រមូលអ្នកជំនាញយ៉ាងច្រើន ហើយយើងត្រៀមខ្លួនរួចជាស្រេចដើម្បីចែករំលែកបទពិសោធន៍វា»។
សារព័ត៌មាន Tass បាននិយាយថា ទីភ្នាក់ងាររដ្ឋទាំងពីរនៃប្រទេសរុស្ស៊ី និងកូរ៉េខាងជើងបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការដោះស្រាយគ្រោះមហន្តរាយធម្មជាតិកាលពីឆ្នាំមុន ដែលនឹងនៅតែជាធរមានរហូតដល់ឆ្នាំ២០២៦។
ដំណើរទស្សនកិច្ចនេះ គឺជាដំណើរចុងក្រោយគេបង្អស់ក្នុងការផ្លាស់ប្តូរជាបន្តបន្ទាប់រវាងប្រទេសកូរ៉េខាងជើង និងរុស្ស៊ី ដែលបានបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗបន្ទាប់ពីការចុះហត្ថលេខាលើសន្ធិសញ្ញាការពារទៅវិញទៅមកកាលពីខែមិថុនាឆ្នាំមុន។ នេះបានរួមបញ្ចូលការដាក់ពង្រាយទាហានកូរ៉េខាងជើងដើម្បីគាំទ្ររុស្ស៊ីក្នុងសង្គ្រាមប្រឆាំងអ៊ុយក្រែន៕
ដោយ៖ មូល មិនា (ប្រភព៖ យ៉ុនហាប់)





