គ្រាប់ថ្នាំរំញោច ៩,២៥លានគ្រាប់ និងសារធាតុហេរ៉ូអ៊ីន ២២គីឡូក្រាមត្រូវបានរឹបអូសនៅប្រទេសមីយ៉ាន់ម៉ា
AKP ភ្នំពេញ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ -- គណៈកម្មាធិការកណ្តាលសម្រាប់ការគ្រប់គ្រងការប្រើប្រាស់គ្រឿងញៀន (CCDAC) បានរាយការណ៍កាលពីល្ងាចថ្ងៃអង្គារថា ប៉ូលីសមីយ៉ាន់ម៉ាបានរឹបអូសថ្នាំរំញោចចំនួន ៩,២៥លានគ្រាប់ និងសារធាតុហេរ៉ូអ៊ីន ២២គីឡូក្រាមនៅក្នុងតំបន់ Sagaing និងតំបន់ Mandalay នៃប្រទេសមីយ៉ាន់ម៉ា។
គណៈកម្មាធិការ CCDAC បានឱ្យដឹងថា ក្រោមការចុះបង្រ្កាប ប៉ូលីសប្រឆាំងគ្រឿងញៀន បានស្ទាក់ចាប់រថយន្ត ២គ្រឿង នៅក្នុងតំបន់Sagaing កាលពីថ្ងៃទី៧ ខែកក្កដា និងរឹបអូសបានថ្នាំរំញោចចំនួន៥,២៥លានគ្រាប់ និងសារធាតុហេរ៉ូអ៊ីន ២២គីឡូក្រាម។ ជនសង្ស័យចំនួន ៣នាក់ត្រូវបានចាប់ខ្លួនពីរថយន្តទាំង ២គ្រឿងនោះ។
ក្រោយពីចាប់ខ្លួនជនសង្ស័យបានម្នាក់ ប៉ូលិសបានចាប់ខ្លួនជនសង្ស័យម្នាក់ទៀតដែលរៀបចំដឹកជញ្ជូនថ្នាំរំញោចនៅផ្ទះសំណាក់មួយកន្លែងក្នុងទីក្រុង Kyaukse តំបន់ Mandalay កាលពីថ្ងៃទី៨ ខែកក្កដា។ ជនសង្ស័យ ២នាក់បន្ថែមទៀតទាក់ទងនឹងករណីនេះក៏ត្រូវបានចាប់ខ្លួនផងដែរនៅក្នុង ទីក្រុង Chanmyathazi នៃតំបន់ Mandalay រួមជាមួយថ្នាំរំញោចចំនួន៤លានគ្រាប់។
ការស៊ើបអង្កេតបានបង្ហាញថា ថ្នាំញៀនត្រូវបានដឹកជញ្ជូនពីទីក្រុងម៉ុងហៃ រដ្ឋសាន ទៅកាន់ទីក្រុងកាឡៃ ក្នុងតំបន់ Sagaing ។ របាយការណ៍បានបន្ថែមថា ជនសង្ស័យត្រូវបានចោទប្រកាន់ក្រោមច្បាប់របស់ប្រទេស ហើយការស៊ើបអង្កេតបន្ថែមកំពុងដំណើរការ៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





