រដ្ឋមន្ដ្រីការបរទេសចិនជួបពិភាក្សាជាមួយឧបនាយករដ្ឋមន្ត្រីម៉ាល់តា
AKP ភ្នំពេញ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ -- រដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី (Wang Yi) បានជួបពិភាក្សាជាមួយ លោក អ៊ីអាន ប៊ឺហ្គ (Ian Borg) ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងទេសចរណ៍របស់ប្រទេសម៉ាល់តា នៅទីក្រុងប៉េកាំង កាលពីថ្ងៃចន្ទ។
លោក វ៉ាង ជាសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន បាននិយាយថា ប្រទេសម៉ាល់តាដើរតួនាទីពិសេស និងវិជ្ជមានក្នុងសន្តិភាព និងស្ថិរភាពពិភពលោក។
លោក វ៉ាង បាននិយាយថា ប្រទេសចិនមានឆន្ទៈរក្សាការជឿទុកចិត្តគ្នាខាងនយោបាយកម្រិតកំពូល ការគោរពគ្នាទៅវិញទៅមក ការយោគយល់គ្នា និងការគាំទ្រគ្នាទៅវិញទៅមកជាមួយប្រទេសម៉ាល់តា ហើយនឹងគោរពការប្តេជ្ញាចិត្តរបស់ខ្លួនលើបញ្ហាទាក់ទងនឹងផលប្រយោជន៍ស្នូល និងកង្វល់សំខាន់ៗរបស់គ្នាទៅវិញទៅមក។
លោក វ៉ាង បាននិយាយថា ប្រទេសចិននឹងធ្វើការជាមួយប្រទេសម៉ាល់តាដើម្បីធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមកក្នុងវិស័យពាណិជ្ជកម្ម ការវិនិយោគ វប្បធម៌ និងទេសចរណ៍ វិទ្យាសាស្ត្រ និងការអប់រំ ហើយបន្តរក្សាទំនាក់ទំនង និងការសម្របសម្រួលល្អក្នុងកិច្ចការអន្តរជាតិ។
លោក ប៊ឺហ្គ បានបញ្ជាក់ថា ប្រទេសម៉ាល់តាវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងរបស់ខ្លួនជាមួយប្រទេសចិន ដោយតែងតែយកទំនាក់ទំនងជាមួយប្រទេសចិនជាអាទិភាពការទូតរបស់ខ្លួន ប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍ចិនតែមួយ ចូលរួមយ៉ាងសកម្មក្នុងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ និងស្វាគមន៍មិត្តចិនកាន់តែច្រើនមកទស្សនាប្រទេសម៉ាល់តា៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





