ទីប្រឹក្សាសន្តិសុខកំពូលរបស់កូរ៉េខាងត្បូង និងអង់គ្លេស ពិភាក្សាគ្នាទៅលើវិស័យការពារជាតិ និងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម
AKP ភ្នំពេញ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ -- ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូងបាននិយាយថា ទីប្រឹក្សាសន្តិសុខកំពូលនៃប្រទេសកូរ៉េខាងត្បូងនិងអង់គ្លេស បានពិភាក្សាគ្នាកាលពីថ្ងៃអង្គារទៅលើកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងឧស្សាហកម្មការពារជាតិពាណិជ្ជកម្ម និងការវិនិយោគ។
ការិយាល័យនោះបាននិយាយថា ទីប្រឹក្សាសន្តិសុខជាតិកូរ៉េខាងត្បូង លោក វី ស៊ុងឡាក (Wi Sung-lac) បានពិភាក្សាអំពីបញ្ហាទាំងនេះជាមួយសមភាគីអង់គ្លេស គឺលោក ចូណាថាន់ ផូវែល (Jonathan Powell) នៅក្នុងកិច្ចប្រជុំមួយនៅការិយាល័យប្រធានាធិបតីនៅក្នុងសង្កាត់យ៉ុងសានកណ្តាលទីក្រុងសេអ៊ូល។
លោក វី បានសម្តែងក្តីសង្ឃឹមថា ប្រទេសទាំងពីរនឹងបន្តធ្វើឱ្យកាន់តែស៊ីជម្រៅនូវភាពជាដៃគូយុទ្ធសាស្ត្រសកល ដោយលោក ផូវែល បានសម្តែងក្តីសង្ឃឹមសម្រាប់ភាគីទាំងពីរក្នុងការធ្វើការរួមគ្នាដើម្បីដោះស្រាយបញ្ហាប្រឈមរួម ដូចជាការរាំងស្ទះខ្សែសង្វាក់ផ្គត់ផ្គង់ និងការប្រែប្រួលអាកាសធាតុជាដើម។
មន្ត្រីទាំងពីរក៏បានពិភាក្សាគ្នាអំពីវិធីពង្រឹងកិច្ចសហប្រតិបត្តិការសំខាន់ៗក្នុងវិស័យការពារជាតិ និងឧស្សាហកម្មការពារជាតិ ក៏ដូចជាពាណិជ្ជកម្ម និងការវិនិយោគផងដែរ ហើយបានព្រមព្រៀងគ្នាក្នុងកិច្ចខិតខំប្រឹងប្រែងរហូតដល់ទីបញ្ចប់។
ទាក់ទងនឹងបញ្ហាឧបទ្វីបកូរ៉េ ភាគីទាំងពីរបានចែករំលែកទស្សនៈគ្នាថាពួកគេនឹងធ្វើការងារជាមួយសហគមន៍អន្តរជាតិ ដើម្បីដោះស្រាយបញ្ហានុយក្លេអ៊ែររបស់កូរ៉េខាងជើង និងបង្កើតសន្តិភាពយូរអង្វែងនៅក្នុងតំបន់។
ពួកគេក៏បានពិភាក្សាគ្នាអំពីសង្គ្រាមនៅអ៊ុយក្រែន និងបញ្ហាក្នុងតំបន់និងពិភពលោកផ្សេងទៀតផងដែរ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ កូរ៉េថាមស៍)





