ឯកឧត្តម ណយ ផាណា ៖ កីឡាករកាយសម្ព័ន្ធអាទិស្ទិក៤នាក់ទៅហាត់នៅចិនត្រៀមស៊ីហ្គេម ២០២៥ និងយុវជនតំបន់-ក្រៅតំបន់នានា
AKP ភ្នំពេញ ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៥--ឯកឧត្តម ណយ ផាណា អគ្គលេខាធិការ សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាបានគូសបញ្ជាក់ថា សហព័ន្ធបានបញ្ជូនកីឡាករកាយសម្ព័ន្ធផ្នែកអាទិស្ទិក៤នាក់ទៅហ្វឹកហាត់បង្កើនគុណភាពបច្ចេកទេសនៅសាធារណរដ្ឋប្រជាមានិតចិន ដើម្បីត្រៀមចូលរួមប្រកួតកីឡាស៊ីហ្គេម នៅថៃ នាខែធ្នូ ឆ្នាំ២០២៥ និងការប្រកួតកម្រិយយុវជន តំបន់ និងក្រៅតំបន់ផ្សេងៗនានា ខាងមុខ។

ការគូសបញ្ជាក់របស់ឯកឧត្តម ណយ ផាណា ធ្វើឡើងក្នុងឱកាសឯកឧត្តមជូនដំណើរកីឡាករ៤នាក់ នៅព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៥ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ទៅដល់ទីតាំងហ្វឹកហាត់ នៅប្រទេសចិន។

ឯកឧត្តមអគ្គលេខាធិការបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនជំពោះឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រី ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងជាប្រធានសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាតែងតែស្វែងរកការគាំទ្រ ហើយសហព័ន្ធទទួលបានអាហារូបករណ៍ពីលោកបណ្ឌិត Gordon Tang អនុប្រធាន NOCC ក្នុងការបញ្ជូនកីឡាករអាទិស្ទិក៤នាក់ទៅហ្វឹកហាត់ចាប់ពីពេលនេះរហូតដល់ដំណាច់ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីក្រុង SHANTOU SPORTS SCHOOL ទីក្រុង SHANTOU ខេត្ត GUNGDONG សាធារណរដ្ឋប្រជាមានិតចិន។

ឯកឧត្តម ណយ ផាណា បន្ថែមថា ក្នុងគម្រោងផែនការស្នើសុំអាហារូបករណ៍នេះ គឺដើម្បីពង្រឹងគុណភាពបច្ចេកទេសរបស់កីឡាករ២នាក់ ត្រៀមស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ នាខែធ្នូ ឆ្នាំ២០២៥ ខណៈកីឡាករវ័យជំទង់២នាក់ទៀត គឺហ្វឹកហាត់ត្រៀមការប្រកួតកម្រិតយុវជនថ្នាក់តំបន់ និងក្រៅតំបន់ផ្សេងៗ។ «បើយើងពិនិត្យមើលប្រភេទកីឡាកាយសម្ព័ន្ធអាទិស្ទិកនេះ គឺមានការលំបាក ប៉ុន្តែមានការកើនឡើងបច្ចេកទេសកាន់តែល្អប្រសើរទទួលយកបាន ហើយប្រសិនបើយើងទទួលបានអាហារូបករណ៍ហ្វឹកហាត់កាន់តែច្រើនបន្តបន្ទាប់ នៅប្រទេសចិន គុណផលរបស់កីឡាករកាយសម្ព័ន្ធកម្ពុជានឹងកាន់តែមានសក្តានុពលផងដែរ»។

ការខិតខំប្រឹងប្រែងការហ្វឹកហាត់នេះត្រូវបានឯកឧត្តម ណយ ផាណ សង្កត់ធ្ងន់ថា គឺដើម្បីបង្កើនសិទ្ធផលកីឡាករកម្ពុជាឱ្យកាន់តែប្រសើរ ខណៈប្រភេទកីឡាកាយសម្ព័ន្ធក្នុងតំបន់អាស៊ីអាគ្នេយ៍នេះសុទ្ធតែខ្លាំងៗឆ្លងកាត់វគ្គជម្រុះអូឡាំពិកហ្គេម និងជាប្រទេសដណ្តើមបានមេដាយមាសអូឡាំពិកហ្គេមឯណោះ។ ដូច្នេះហើយទើបកម្ពុជាជួបការលំបាកក្នុងការប្រជែងមេដាយ ក្នុងកម្រិតតំបន់។ «ទោះជាលំបាកបែបណាក្តី ក៏ក្នុងនាមអ្នកទទួលបន្ទុកផ្នែកបច្ចេកទេសរបស់កាយសម្ព័ន្ធកម្ពុជាត្រូវតែខិតខំ ដើម្បីឱ្យធ្វើទៅមុខជានិច្ច បើទោះជាដើរទៅមុខយឺតក្តី ក៏យើងដើរឆ្ពោះទៅមុខជានិច្ច ប្រសើរជាងនៅស្ងៀម»។
កីឡាករកាយសម្ព័ន្ធទាំង៤នាក់ រួមមាន៖ ផុន សុខជា កីឡាករ ទែន វណ្ណដេត កីឡាករ យ៉ន មង្គល និងកីឡាករ រេត លីម៉េង ដោយបេសកកម្មហ្វឹកហាត់នេះ ការចំណាយលើសំបុត្រយន្តហោះទៅមកជាបន្ទុករបស់ឯកឧត្តមបណ្ឌិត ថោង ខុន ចំពោះការហូបចុក ស្នាក់នៅ និងការចំណាយផ្សេងៗជាបន្ទុករបស់លោកបណ្ឌិត Gordon Tang ខណៈប្រាក់ឧបត្ថម្ភប្រចាំខែហ្វឹកហាត់នៅក្រៅប្រទេសប្រើប្រាស់ថវិកាឆ្នាំ២០២៥របស់អង្គភាពថវិកាអគ្គនាយកដ្ឋានកីឡា (កម្មវិធីទី៣)៕
ដោយ ហេង ណាលីន (រូបភាព៖ NOCC)





