រដ្ឋបាលខេត្តកំពង់ស្ពឺដឹកនាំពុទ្ធបរិស័ទប្រគេនទៀនព្រះវស្សា ទេយ្យវត្ថុ និងបច្ច័យដល់ព្រះសង្ឃគង់ចាំព្រះវស្សាដល់វត្តចំនួន២២ ក្នុងខេត្តកំពង់ស្ពឺ
AKP កំពង់ស្ពឺ ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៥-- ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សខេត្ត ឯកឧត្តម បណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ និងលោកជំទាវ ព្រមទាំងសហការី និងពុទ្ធបរិស័ទ្ធ ដែលជាអ្នកទ្រទ្រង់សាសនាព្រះពុទ្ធ ប្រកបដោយទឹកចិត្តជ្រះថ្លា បានប្រគេនទៀនព្រះវស្សា និងទេយ្យទានដល់វត្តចំនួន២២ នៅក្នុងខេត្តកំពង់ស្ពឺ។ ពិធីប្រគេនទៀនព្រះវស្សា និងទេយ្យទានសម្រាប់ព្រះសង្ឃត្រៀមចូលព្រះវស្សានាពេលខាងមុខនេះ ត្រូវបានប្រារព្ធធ្វើឡើងនៅវត្តមុន្នីរង្សីរតនារាម ហៅវត្តម្រុំខាងជើង នាព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៥។

ក្នុងពិធីដ៏សែនរីករាយ និងប្រកបដោយសទ្ធាជ្រះថ្លានោះ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សខេត្ត ឯកឧត្តម បណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ និងលោកជំទាវ បានបូជាទៀនធូបផ្កាភ្ញី ដល់ព្រះរតនត្រ័យជាទីគោរពសក្ការៈ។ បន្ទាប់មកតាអាចារ្យក៏បានដឹកនាំធ្វើកិច្ចនានាតាមពិធីសាសនា រួមមានការធ្វើបទនមសការព្រះរតនត្រ័យ សមាទានសីលជាដើម និងការវេរប្រគេនទៀនព្រះវស្សា និងទេយ្យទានទៅដល់វត្តទាំង២០ផងដែរ។

បន្ទាប់ពីការវេរប្រគេននូវទៀនព្រះវស្សា និងទេយ្យទាន ព្រះសង្ឃក៏បានសូត្រមន្តចម្រើនព្រះបរិត្ត ផ្តល់នូវពុទ្ធពរជ័យប្រោសព្រំប្រសិទ្ធពរជ័យសិរីសួស្តីទាំងឡាយកើតមានទៅដល់ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមបណ្ឌិតអភិបាលខេត្ត និងលោកជំទាវ ជាថ្នាក់ដឹកនាំខេត្ត និងម្ចាស់ទៀន ហើយក៏សូមឧទ្ទិសកុសលផលបុណ្យទាំងឡាយបានដល់ញាតិការដែលបានចែកឋានទៅកាន់លោកខាងមុខ។


សូមបញ្ជាក់ផងដែរ ជារៀងរាល់ឆ្នាំ រដ្ឋបាលខេត្តកំពង់ស្ពឺតែងតែប្រគេនទៀនព្រះវស្សា និងទេយ្យទានដល់វត្តនានានៅក្នុងខេត្តកំពង់ស្ពឺ មុនការចូលមកដល់ថ្ងៃបុណ្យចូលព្រះវស្សា មិនដែលខាននោះឡើយ។ ហើយនៅក្នុងពិធីប្រគេនទានព្រះវស្សា ទេយ្យវត្ថុ និងបច្ច័យ វត្តទាំង២២ ក្នុងនោះវត្តព្រះមេគណខេត្តទាំង២គណៈ ចំនួន២វត្ត និងវត្តចំនួន២២ ក្នុងខេត្តកំពង់ស្ពឺ ក្នុង១វត្តទទួលបាន ទៀនព្រះវស្សាមានទៀនក្បាច់ធំ ១គូរ ទៀនក្បាច់ ១គូរ អង្ករ ២បាវ មី ៥កេស ទឹកភេសជ្ជៈ ៦កេស ទឹកសុទ្ធ ៥កេស ទឹកត្រី ២យួរ ទឹកស៊ីអ៊ីវ ២យួរ អំបិល ១០គីឡូក្រាម ខ្ទឹមសរ ២គីឡូក្រាម ស្ករស ១០គីឡូក្រាម ទេយ្យវត្ថុ ១ និងបច្ច័យប្រគេនព្រះមេគណខេត្តទាំង២គណៈ ៥០ម៉ឺនរៀលក្នុង១អង្គ បច្ច័យប្រគេនព្រះចៅអធិការ២០វត្ត ៣០ម៉ឺនរៀលក្នុង១អង្គ ៕
ដោយ លឹម សាន្ត





