ឧត្តមសេនីយ៍ឯក សុខ វាសនា ធ្វើបាឋកថាស្ដីពីការងារគ្រប់គ្រងច្រកទ្វារអន្តរជាតិ និងច្រកទ្វារព្រំដែនអន្តរជាតិ
AKP ភ្នំពេញ ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៥-- ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ តបតាមការអញ្ជើញរបស់បណ្ឌិតសភានគរបាលកម្ពុជា កាលពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៥ បានធ្វើបាឋកថាចែករំលែកចំណេះដឹង និងបទពិសោធន៍ការងារអន្តោប្រវេសន៍ ដល់សិក្ខាកាមវគ្គបំប៉នជំនាញគ្រប់គ្រងច្រកទ្វារអន្តរជាតិ និងច្រកទ្វារទ្វេភាគី និងសិក្ខាកាមវគ្គបំប៉នជំនាញនគរបាលផ្សេងទៀតសរុប ១៥០នាក់ នៅបណ្ឌិតសភានគរបាលកម្ពុជា។


បាឋកថាចែករំលែកចំណេះដឹង និងបទពិសោធន៍ធ្វើឡើងដើម្បីឱ្យសិក្ខាកាមទាំងអស់បានស្វែងយល់អំពីតួនាទី ភារកិច្ចសំខាន់ៗ និងរចនាសម្ព័ន្ធដឹកនាំការងាររបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្នុងការគ្រប់គ្រងច្រកទ្វារអន្តរជាតិ ច្រកទ្វារព្រំដែនអន្តរជាតិ ការគ្រប់គ្រងវត្តមានស្នាក់នៅទាំងជនបរទេសអន្តោប្រវេសន្ត និងជនបរទេសមិនមែនអន្តោប្រវេសន្ត ការងារអនុវត្តនីតិវិធីចំពោះជនបរទេសល្មើសច្បាប់កម្ពុជា និងកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ តាមរយៈកិច្ចប្រជុំប្រចាំឆ្នាំរវាងអគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា និងស្ថាប័នអន្តោប្រវេសន៍នៃបណ្តាប្រទេសពាក់ព័ន្ធនៅកម្រិតទ្វេភាគី និងកម្រិតតំបន់អាស៊ាន។

ក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍បានផ្តល់ជូនសៀវភៅសិក្សាគោលស្តីពីការគ្រប់គ្រងច្រកទ្វារអន្តរជាតិ និងច្រកទ្វារព្រំដែនអន្តរជាតិដល់សិក្ខាកាមវគ្គបំប៉នជំនាញគ្រប់គ្រងច្រកទ្វារអន្តរជាតិ និងច្រកទ្វារទ្វេភាគីចំនួន៤៨នាក់ និងបានផ្តល់ជូនសាលាមធ្យមវិជ្ជាជីវៈនគរបាល នៃបណ្ឌិតសភានគរបាលកម្ពុជាចំនួន១០ក្បាល ដើម្បីទុកជាឯកសារសម្រាប់សិក្ខាកាមផ្សេងទៀតសិក្សាស្វែងយល់៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍)





