រដ្ឋបាលក្រុងសិរីសោភ័ណ និងក្រុមហ៊ុន GAIA ចុះអនុស្សរណៈបង្កើនប្រសិទ្ធភាពប្រមូលសំរាម ឆ្ពោះទៅរកទីក្រុងស្អាត និងបៃតង
AKP បន្ទាយមានជ័យ ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៥-- រដ្ឋបាលក្រុងសិរីសោភ័ណបានចុះអនុស្សរណៈយោគយល់ (MoU) ជាមួយក្រុមហ៊ុន គ្លូប៊ល អេកសិន ហ្វរ អិនវ៉ាយរិនម៉ិន អេវែរណេស ផាប់ប្លីត លីមីធីត ខមភេនី (GAIA) ដើម្បីពង្រឹង និងពង្រីកសេវាប្រមូល សម្អាត និងដឹកជញ្ជូនសំរាម សំណល់រឹង ក្នុងទីប្រជុំជនក្រុងសិរីសោភ័ណ ក្រោមអធិបតីភាពលោក ឃ្លោក នួយ អភិបាលរងនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ នៅសាលប្រជុំរដ្ឋបាលក្រុងសិរីសោភ័ណ នារសៀលថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៥នេះ។ តំណាងឱ្យរដ្ឋបាលក្រុងសិរីសោភ័ណ គឺ លោក ស្រេង សុផល អភិបាលនៃគណៈអភិបាលក្រុងសិរីសោភ័ណ រីឯតំណាងក្រុមហ៊ុន GAIA គឺ លោក ខែម ច័ន្ទវីរៈ។

ក្នុងឱកាសដ៏សំខាន់នេះ លោក ឃ្លោក នួយ អភិបាលរងនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការនេះ។ ការចុះអនុស្សរណៈយោគយល់ជាមួយក្រុមហ៊ុន GAIA នេះ គឺជាជំហានមួយដ៏សំខាន់សម្រាប់ខេត្តបន្ទាយមានជ័យ ជាពិសេសសម្រាប់ក្រុងសិរីសោភ័ណ ក្នុងការសម្រេចបាននូវចក្ខុវិស័យទីក្រុងស្អាត និងបៃតង។ យើងជឿជាក់ថា តាមរយៈការខិតខំប្រឹងប្រែងរួមគ្នា រវាងរដ្ឋបាលក្រុង និងក្រុមហ៊ុន GAIA នឹងអាចដោះស្រាយបញ្ហាសំរាម សំណល់រឹង ឱ្យមានប្រសិទ្ធភាពខ្ពស់ និងលើកកម្ពស់បរិស្ថានរស់នៅរបស់ប្រជាពលរដ្ឋយើងឱ្យកាន់តែប្រសើរឡើង។ លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ចូលរួមសហការជាមួយអាជ្ញាធរ និងក្រុមហ៊ុន ក្នុងការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ដើម្បីសម្រេចបាននូវគោលដៅរួម។

ចំណែកឯ លោក ស្រេង សុផល អភិបាលនៃគណៈអភិបាលក្រុងសិរីសោភ័ណ ដែលជាតំណាងឱ្យរដ្ឋបាលក្រុងសិរីសោភ័ណ ក្នុងការចុះ MoU នេះ បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលក្រុងតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះបញ្ហាបរិស្ថាន និងអនាម័យសាធារណៈ។ ការចុះអនុស្សរណៈយោគយល់ជាមួយក្រុមហ៊ុន GAIA នៅថ្ងៃនេះ គឺឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ និងជាការប្តេជ្ញាចិត្តរបស់រដ្ឋបាលក្រុង ក្នុងការបង្កើនគុណភាពសេវាប្រមូលសំរាមឱ្យកាន់តែទូលំទូលាយ និងមានប្រសិទ្ធភាព។ យើងរំពឹងថា តាមរយៈកិច្ចសហការនេះ ចំនួនអតិថិជនប្រើប្រាស់សេវាប្រមូលសំរាមនឹងកើនឡើងគួរឱ្យកត់សម្គាល់ ដែលជាគន្លឹះឆ្ពោះទៅរកក្រុងសិរីសោភ័ណមួយដែលស្អាត និងមានអនាម័យល្អ។

លោក ខែម ច័ន្ទវីរៈ នាយកប្រតិបត្តិក្រុមហ៊ុន GAIA បានប្តេជ្ញាចិត្តយ៉ាងមុតមាំថា នឹងបន្ថែមរថយន្តដឹកសំរាម និងខិតខំប្រមូលសំរាមឲ្យបានស្អាត និងទាន់ពេលវេលា ដើម្បីធ្វើឱ្យក្រុង ក៏ដូចជាខេត្តមានភាពស្រស់ស្អាត បៃតងជានិច្ច គ្មានសំរាម។
យោងរបាយការណ៍បង្ហាញឱ្យដឹងថា គោលបំណង និងទិសដៅនៃកិច្ចសហប្រតិបត្តិការ តាមរយៈអនុស្សរណៈយោគយល់នេះ ភាគីទាំងពីរបានព្រមព្រៀងធ្វើកិច្ចសហប្រតិបត្តិការលើការពង្រឹង ពង្រីកសេវាប្រមូល សម្អាត ដឹកជញ្ជូន សំរាម សំណល់រឹងទីប្រជុំជន ក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ គោលដៅនៃសេវានេះគ្របដណ្តប់លើ៤សង្កាត់ រួមមាន សង្កាត់កំពង់ស្វាយ សង្កាត់ព្រះពន្លា សង្កាត់អូរអំបិល និងសង្កាត់ទឹកថ្លា។
បច្ចុប្បន្ន ក្នុងឆ្នាំ២០២៥ ក្រុមហ៊ុន GAIA មានអតិថិជនចំនួន ៣,៩៦៩ ស្មើនឹង ២០% នៃប្រជាពលរដ្ឋក្នុង ៤សង្កាត់គោលដៅ ឬស្មើនឹង១៦% នៃប្រជាពលរដ្ឋសរុបក្នុងក្រុងសិរីសោភ័ណ។ ចំនួននេះនៅមិនទាន់ឆ្លើយតបទៅនឹងតម្រូវការក្នុងការកែលម្អបរិស្ថាន និងការអនុវត្តមុខងារគ្រប់គ្រងសំរាមរបស់រដ្ឋបាលថ្នាក់ក្រោមជាតិនៅឡើយ។ ដូច្នេះ អនុស្សរណៈយោគយល់នេះ មានគោលបំណងពង្រីកសេវាឲ្យកើនដល់ ៥០% ក្នុងឆ្នាំ២០២៥ និង ៨០% ក្នុងឆ្នាំ២០២៦ ក៏ដូចជាមានការគ្រប់គ្រងសំរាមបានល្អនាពេលអនាគត។ អនុស្សរណៈយោគយល់នេះនឹងចាប់ផ្តើមអនុវត្តក្នុងរយៈពេលសាកល្បង៦ខែ ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ ដើម្បីធានាបាននូវការអនុវត្តមុខងារគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនរបស់រដ្ឋបាលថ្នាក់ក្រោមជាតិបានល្អប្រសើរជាងបច្ចុប្បន្ន។


គួរបញ្ជាក់ផងដែរថា ក្រុងសិរីសោភ័ណមានទីលានទុកដាក់សំរាមដ៏ធំទូលាយទំហំ១១ហិកតា ដែលមានតម្លៃជាង៦.៥លានដុល្លារអាមេរិក។ ទីលាននេះមានទីតាំងនៅភូមិកងវ៉ា សង្កាត់កំពង់ស្វាយ និងត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់រហូតដល់ឆ្នាំ២០៤០ ដើម្បីកែលម្អការគ្រប់គ្រងបរិស្ថាន និងលើកកម្ពស់អនាម័យនៅក្នុងទីក្រុង ក៏ដូចជានៅតំបន់ជុំវិញបឹងទន្លេសាប។ ទីលានទុកដាក់សំរាមស្តង់ដារថ្មីនេះគឺជាផ្នែកមួយនៃគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាបជំហានទី២ ក្រោមឥណទានសម្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។ ការចុះអនុស្សរណៈយោគយល់នេះ គឺជាជំហានដ៏សំខាន់មួយទៀត ក្នុងការសម្រេចបាននូវចក្ខុវិស័យ "ទីក្រុងស្អាត ទីក្រុងបៃតង" សម្រាប់ក្រុងសិរីសោភ័ណ៕
ដោយ ឈុន សារ៉ាត





