អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ ការរៀបចំធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញគឺដើម្បីបើកផ្លូវឱ្យបង្កើតក្របខណ្ឌច្បាប់ដកសញ្ជាតិខ្មែរពីបុគ្គលណាដែលគប់គិតជាមួយបរទេសមកបំផ្លាញផលប្រយោជន៍ជាតិខ្មែរ រីឯពលរដ្ឋខ្មែរដែលស្រឡាញ់ជាតិពិតប្រាកដ គឺគ្មានអ្វីត្រូវបារម្ភទេ
AKP ភ្នំពេញ ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៥--
“ការរៀបចំធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញគឺដើម្បីបើកផ្លូវឱ្យបង្កើតក្របខណ្ឌច្បាប់ដកសញ្ជាតិខ្មែរពីបុគ្គលណាដែលគប់គិតជាមួយបរទេសមកបំផ្លាញផលប្រយោជន៍ជាតិខ្មែរ រីឯពលរដ្ឋខ្មែរដែលស្រឡាញ់ជាតិពិតប្រាកដ គឺគ្មានអ្វីត្រូវបារម្ភទេ”។ នេះជាការលើកឡើងរបស់ ឯកឧត្តម សេង ឌីណា អ្នកនាំពាក្យក្រសួងយុត្តិធម៌ ប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) នាព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៥នេះ។
ចំពោះការលើកឡើងរបស់ជនមួយក្តាប់តូចដែលនៅក្រៅប្រទេសថាការដកសញ្ជាតិ គឺជាការបំបាត់ជាតិសាសន៍ ឬរហូតមានអ្នកខ្លះថា ជាការប្រល័យពូជសាសន៍នោះ ឯកឧត្តមអ្នកនាំពាក្យបានបញ្ជាក់ថា៖ “នោះគឺជាការភាន់ច្រឡំ ដោយមិនបានធ្វើការបែងចែកឱ្យដាច់ពីគ្នា រវាងជាតិសាសន៍ ឬជនជាតិ និងសញ្ជាតិ។ ជនជាតិ ឬជាតិសាសន៍ គឺជាចំណងលោហិត ចំណែកសញ្ជាតិ គឺជាចំណងផ្លូវច្បាប់ រវាងបុគ្គល និងរដ្ឋ”។

បន្ថែមពីលើនេះ ចំណងផ្លូវច្បាប់នៃសញ្ជាតិនេះ គឺវាបង្កើតបាននូវសិទ្ធិផង និងកាតព្វកិច្ចផង ជាពិសេសកាតព្វកិច្ចដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ជាតិ ត្រង់មាត្រា៤៩ ថ្មី ដែលចែងថា “ប្រជាពលរដ្ឋខ្មែរគ្រប់រូបត្រូវតម្កល់ផលប្រយោជន៍ជាតិជាធំ ហើយមិនត្រូវធ្វើសកម្មភាពណាមួយ ទោះដោយផ្ទាល់ក្តី ឬដោយប្រយោលក្តី នាំឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ព្រះរាជាណាចក្រកម្ពុជា និងប្រជាពលរដ្ឋខ្មែរឡើយ”។
ហេតុដូច្នេះហើយ នៅពេលដែលពលរដ្ឋខ្មែរណាម្នាក់ ប្រព្រឹត្តអំពើក្បត់ជាតិខ្លួនឯង ឬធ្វើសកម្មភាពណាមួយដែលបំផ្លាញឧត្តមប្រយោជន៍របស់ប្រទេសជាតិខ្លួនឯង ជាពិសេសការគប់គិតគ្នាជាមួយបរទេសមកបំផ្លាញប្រយោជន៍ជាតិ និងប្រជាជនកម្ពុជាគ្នាឯង ពលរដ្ឋខ្មែរនោះបានបំពាននូវកាតព្វកិច្ចជាពលរដ្ឋ ដោយបានប្រព្រឹត្តនូវទង្វើប្រាសចាកពីឧត្តមគតិ និងមនសិការជាពលរដ្ឋខ្មែរ។ ដូច្នេះ បុគ្គលនោះលែងស័ក្តិសមជាពលរដ្ឋខ្មែរទៀតហើយ។ មែនទែនទៅ គឺបុគ្គលនោះខ្លួនឯង ដែលជាអ្នកផ្តាច់ចំណងផ្លូវច្បាប់ នៃសិទ្ធិ និងកាតព្វកិច្ចពីរដ្ឋ គឺពីកម្ពុជា ដោយខ្លួនឯង ហើយដាក់ខ្លួនឯងឱ្យនៅក្រៅភាពជាពលរដ្ឋខ្មែរដោយខ្លួនឯង ព្រោះថាបើសិនជាពលរដ្ឋខ្មែរមែន គឺមិនទៅបម្រើបរទេស មកបំផ្លាញប្រទេសជាតិ និងប្រជាពលរដ្ឋខ្មែរគ្នាឯងទេ។
ឯកឧត្តមអ្នកនាំពាក្យបានបន្ថែមថា ការធ្វើវិសោធនកម្ម គឺដើម្បីបើកផ្លូវឱ្យបង្កើតក្របខណ្ឌច្បាប់ដកសញ្ជាតិពីអ្នកគប់គិតជាមួយបរទេសមកបំផ្លាញជាតិខ្មែរខ្លួនឯងនេះ គឺមិនមែនធ្វើឡើងក្នុងគោលដៅធ្វើបាបប្រជាពលរដ្ឋដែលស្រឡាញ់ជាតិពិតប្រាកដទេ។ ពលរដ្ឋដែលស្រឡាញ់ជាតិពិតប្រាកដ ហើយគ្មានបំណងទៅគប់គិតជាមួយបរទេសមកបំផ្លាញខ្មែរគ្នាឯងទេនោះ គឺមិនមានអ្វីត្រូវបារម្ភនឹងរឿងដកសញ្ជាតិនេះទេ។
សូមបញ្ជាក់ថា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នឹងបើកកិច្ចប្រជុំនៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ ដើម្បីពិនិត្យសំណើសុំពិនិត្យ និងអនុម័ត្រសេចក្តីស្នើច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រាទី៣៣ នៃរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជា។
យោងតាមសេចក្តីក្រាបទូលបង្គំថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា របស់ ក្រុមប្រឹក្សាធម្មនុញ្ញ បានបញ្ជាក់ថា៖ “វិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញ ក្នុងគោលដៅដកហូតសញ្ជាតិខ្មែរពីជនទាំងឡាយណាដែលគប់គិតជាមួយបរទេស ធ្វើសកម្មភាពបំផ្លាញផលប្រយោជន៍ជាតិ គឺ អាចធ្វើទៅបាន!”៕
ដោយ ផែន រតនៈ





