កិច្ចប្រជុំពិនិត្យ និងវាយតម្លៃការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋឆ្នាំ២០២៤ នៅខេត្តបន្ទាយមានជ័យ
AKP បន្ទាយមានជ័យ ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៥--
រដ្ឋបាលខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៥ បានរៀបចំកិច្ចប្រជុំដ៏សំខាន់មួយស្តីពី "ការពិនិត្យផ្គូផ្គង និងវាយតម្លៃលើការរៀបចំ និងការគ្រប់គ្រងបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋឆ្នាំគោល ឆ្នាំ២០២៤" ក្រោមអធិបតីភាពឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ក្នុងគោលបំណងពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋឱ្យកាន់តែមានតម្លាភាព និងគណនេយ្យភាពខ្ពស់ ដោយកិច្ចប្រជុំបានធ្វើឡើងនៅសាលប្រជុំ (ធំ) រដ្ឋបាលខេត្តបន្ទាយមានជ័យនេះ និងមានការចូលរួមយ៉ាងផុសផុលពីអភិបាលរងខេត្ត អភិបាល និងអភិបាលរងក្រុង-ស្រុក ប្រធានមន្ទីរ-អង្គភាពនានាជុំវិញខេត្ត មេឃុំ មេភូមិ ចៅសង្កាត់ រួមទាំងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុំ រាត្រី បានគូសបញ្ជាក់អំពីសារៈសំខាន់ជាយុទ្ធសាស្ត្រនៃការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ដោយបានលើកឡើងថា ការរៀបចំ និងការគ្រប់គ្រងបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋឱ្យបានត្រឹមត្រូវ និងច្បាស់លាស់ គឺជាកត្តាចាំបាច់ក្នុងការធានាថាធនធានរបស់រដ្ឋត្រូវបានប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពខ្ពស់បំផុត និងសម្រាប់ផលប្រយោជន៍រួមរបស់ប្រជាពលរដ្ឋ។
ទន្ទឹមនឹងនេះ ឯកឧត្តមបានសង្កត់ធ្ងន់លើចំណុចសំខាន់ៗមួយចំនួន ដូចជាតម្លាភាព និងគណនេយ្យភាព ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋត្រូវតែប្រកបដោយតម្លាភាព និងអាចត្រួតពិនិត្យបាន ដើម្បីចៀសវាងការខ្ជះខ្ជាយ ឬការបាត់បង់ដែលបណ្តាលមកពីការគ្រប់គ្រងមិនបានត្រឹមត្រូវ។ ការអភិវឌ្ឍជាតិ ទ្រព្យសម្បត្តិរដ្ឋ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិ។ ការប្រើប្រាស់ទ្រព្យសម្បត្តិទាំងនេះឱ្យមានប្រសិទ្ធភាព នឹងរួមចំណែកដល់ការរីកចម្រើន និងភាពរុងរឿងរបស់ខេត្ត ក៏ដូចជាប្រទេសជាតិទាំងមូល។

ជាមួយគ្នានោះដែរ ឯកឧត្តមអភិបាលខេត្តបានជំរុញឱ្យគ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ ចាប់ពីថ្នាក់ខេត្ត រហូតដល់មូលដ្ឋាន ត្រូវមានការសហការគ្នាយ៉ាងជិតស្និទ្ធក្នុងការងារនេះ។ រាល់ការកត់ត្រា ការផ្ទៀងផ្ទាត់ និងការរាយការណ៍ ត្រូវតែធ្វើឡើងដោយយកចិត្តទុកដាក់ និងភាពហ្មត់ចត់។ឯកឧត្តមក៏បានលើកទឹកចិត្តឱ្យមានការប្រើប្រាស់បច្ចេកវិទ្យាទំនើបៗ ដើម្បីជួយសម្រួលដល់ការងារកត់ត្រា និងគ្រប់គ្រងទិន្នន័យទ្រព្យសម្បត្តិរដ្ឋឱ្យមានភាពរហ័ស និងត្រឹមត្រូវ។
ក្នុងឱកាសនោះដែរ លោក បឹង គឹមសឹង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ បានបកស្រាយលម្អិតអំពីបច្ចេកទេស និងនីតិវិធីនៃការរៀបចំ និងការគ្រប់គ្រងបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋឆ្នាំគោល ឆ្នាំ២០២៤ និងបានគូសបញ្ជាក់អំពី គោលការណ៍ណែនាំ និងបទប្បញ្ញត្តិ ពាក់ព័ន្ធដែលត្រូវអនុវត្តនិងបានបកស្រាយអំពី វិធីសាស្រ្តនៃការចុះបញ្ជីសារពើភ័ណ្ឌ ការ វាយតម្លៃទ្រព្យសម្បត្តិ ការផ្គូផ្គងទិន្នន័យ និងការដោះស្រាយបញ្ហាប្រឈមនានា ដែលអាចកើតឡើងក្នុងដំណើរការនេះ។ លោកបានណែនាំឱ្យគ្រប់ស្ថាប័នទាំងអស់ត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ត្រឹមត្រូវ និងច្បាស់លាស់ ក្នុងការបំពេញភារកិច្ចនេះ ដើម្បីធានាបាននូវភាពពេញលេញ និងភាពសុក្រឹតនៃទិន្នន័យទ្រព្យសម្បត្តិរដ្ឋ។

លោកប្រធានមន្ទីរក៏បានពន្យល់ផងដែរអំពីតួនាទី និងភារកិច្ចរបស់មន្ទីរ-អង្គភាព រដ្ឋបាលក្រុង-ស្រុក និងឃុំ-សង្កាត់ ក្នុងការអនុវត្តការងារនេះ ដោយផ្តោតលើការប្រមូលទិន្នន័យ ការរាយការណ៍ និងការធ្វើបច្ចុប្បន្នភាព តាមកាលកំណត់។
សូមជម្រាបថា កិច្ចប្រជុំពិនិត្យ ផ្គូផ្គង និងវាយតម្លៃលើការរៀបចំ និងការគ្រប់គ្រងបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋឆ្នាំគោល ឆ្នាំ២០២៤ គឺជាកិច្ចការដ៏ចាំបាច់មួយដើម្បីធានាថា ទ្រព្យសម្បត្តិរបស់រដ្ឋត្រូវបានគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព និងគណនេយ្យភាព។ កិច្ចប្រជុំនេះនឹងក្លាយជាមូលដ្ឋានដ៏រឹងមាំមួយក្នុងការជំរុញការងារគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋនៅទូទាំងខេត្តបន្ទាយមានជ័យឱ្យសម្រេចបាននូវលទ្ធផលជាទីគាប់ចិត្ត៕
ដោយ ឈុន សារ៉ាត





