តំណាងក្រុមនារីកម្ពុជា ៖ មិនមែនជាលទ្ធផលចង់បាន តែក្រុមប្រឹងអស់ពីសមត្ថភាព
AKP ភ្នំពេញ ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥--
កីឡាការិនីខ្សែបម្រើ ឈីវ សាលីណា កូនកាត់ខ្មែរ-កាណាដា តំណាងក្រុមជម្រើសជាតិនារីកម្ពុជាបានលើកឡើងក្រោយបញ្ចប់ការប្រកួតថា លទ្ធផលចាញ់របស់ក្រុមនារីកម្ពុជា ០ទល់៦ ជាមួយក្រុមនារីហ្វីលីពីន គឺមិនមែនជាលទ្ធផល ដែលយើងចង់បានឡើយ ប៉ុន្តែពួកយើងបានប្រឹងប្រែងអស់ពីសមត្ថភាពរបស់ពួកយើងហើយ។

ក្រុមម្ចាស់ផ្ទះនារីកម្ពុជាបានចាញ់ក្រុមនារីហ្វីលីពីន ដោយលទ្ធផល ០-៦ នៅក្នុងការប្រកួតទី២ វគ្គជម្រុះពូល G នៃពានង្វាន់បាល់ទាត់នារីប្រចាំទ្វីបអាស៊ី (AFC Women's Asian Cup Australia 2026 Qualifiers)។ ឆ្លងកាត់២ប្រកួតដូចៗគ្នា ក្នុងពូល G នេះ គឺក្រុមនារីហ្វីលីពីន ឈរលេខ១ មាន៦ពិន្ទុ ក្រោយឈ្នះ២ប្រកួតជាមួយក្រុមអារ៉ាប់ប៊ីសាអូឌីត ៣-០ និងឈ្នះក្រុមកម្ពុជា ៦-០។ ក្រុមនារីហុងកុង ឈរលេខ២ មាន៤ពិន្ទុ ក្រោយស្មើ១ប្រកួត និងឈ្នះ១ប្រកួត, ក្រុមនារីកម្ពុជា ឈរលេខ៣ មាន១ពិន្ទុ ក្រោយស្មើ១ប្រកួតជាមួយក្រុមហុងកុង និងចាញ់ហ្វីលីពីន ខណៈ២ប្រកួតរបស់ក្រុមនារីអារ៉ាប់ប៊ីសាអូឌីត ០ពិន្ទុ ក្រោយចាញ់ទាំង២ប្រកួត។

២ប្រកួតចុងក្រោយ ក្នុងពូល G នឹងធ្វើឡើងនាថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិអូឡាំពិកដូចៗគ្នា ដោយក្រុមកំពូលតារាង ហ្វីលីពីន ប៉ះក្រុមលេខ២ ហុងកុង វេលាម៉ោង ១៦:០០ ខណៈម្ចាស់ផ្ទះ កម្ពុជា ប៉ះ ក្រុមអារ៉ាប់ប៊ីសាអូឌីត នាវេលាម៉ោង ១៩:០០។
ជាមួយនឹង៦ពិន្ទុក្នុងដៃ ក្នុង២ប្រកួតនេះ គឺក្រុមនារីហ្វីលីពីន កាន់តែមានក្តីសង្ឃឹមខ្ពស់ ក្នុងការកក់កៅអីជុំផ្តាច់ព្រ័ត្រ នៅប្រទេសអូស្ត្រាលី នាឆ្នាំ២០២៦ខាងមុខ (សរុប១២ក្រុម)។ ប្រសិនបើ ក្រុមហ្វីលីពីន ដែលត្រូវប៉ះ ក្រុមហុងកុង ទប់ត្រឹមស្មើ ក៏ហ្វីលីពីននឹងត្រូវឡើងទៅជុំផ្តាច់ព្រ័តដែរ។ ប៉ុន្តែប្រសិនបើ ក្រុមហុងកុងឈ្នះក្រុមហ្វីលីពីន គឺហុងកុងនឹងត្រូវឡើងជុំផ្តាច់ព្រ័ត្រ។ យ៉ាងណា ឆ្លងកាត់២ប្រកួតកន្លងមកនេះ ក្រុមហ្វីលីពីនត្រូវបានគេមើលឃើញថា មានគុណភាពបច្ចេកទេសខ្ពស់ជាង៣ក្រុមទៀត ក្នុងពូល G នេះជាមួយនឹងក្តីសង្ឃឹមខ្ពស់បំផុត ក្នុងការប្រជែងបានដំណែងលេខ១ ប្រចាំពូល G ក្រោយបញ្ចប់ទាំង៣ប្រកួតរបស់ខ្លួន។

គួរបញ្ជាក់ថា ការប្រកួតកីឡាបាល់ទាត់នារី ពានរង្វាន់ទ្វីបអាស៊ី នៅប្រទេសអូស្ត្រាលី ឆ្នាំ២០២៦ (ជុំផ្តាច់ព្រ័ត្រ) AFC Women's Asian Cup Australia 2026 Qualifiers គឺមាន៣៤ក្រុមចូលរួមត្រូវបានបែងចែកជា៨ពូល ក្នុងនោះមានតែពូល A និងB ប៉ុណ្ណោះ ដែលមាន៥ក្រុមដូចៗគ្នា ខណៈ៦ពូលផ្សេងទៀតមាន៤ក្រុមស្មើៗគ្នា។ បន្ទាប់ពីមានការប្រកួតប្រជែងបានបញ្ចប់នៃពូលទាំង៨ គឺក្រុមចំណាត់ថ្នាក់លេខ១នៃពូលទាំង៨ ស្មើនឹង៨ក្រុម (១ពូលយកតែ១ក្រុម ចំណាត់ថ្នាក់លេខ១) នឹងបានឡើងទៅប្រកួតនៅជុំផ្តាច់ព្រ័ត្រ នៅប្រទេសអូស្រ្តាលី នាឆ្នាំ២០២៦ ជាមួយ៤ក្រុមដែរឈររង់ចាំនៅជុំផ្តាច់ព្រ័ត្រ (សរុប ១២ក្រុម) គឺម្ចាស់ផ្ទះ អូស្រ្តាលី (ជុំផ្តាច់ព្រ័ត្រ ឆ្នាំ២០២៦) ចិន កូរ៉េខាងត្បូង និងជប៉ុន ដែលក្រុមចិន ជាក្រុមជើងឯក កូរ៉េខាងត្បូង ជើងឯករង និងជប៉ុន ចំណាត់ថ្នាក់លេខ៣ ក្នុងព្រឹត្តិការណ៍ដូចគ្នា កាលពីឆ្នាំ២០២២ កន្លងទៅ៕ ដោយ ហេង ណាលីន (រូបភាព៖ FFC)





