សម្ដេចតេជោ ហ៊ុន សែន អបអរសាទរខួបលើកទី៧៤ ព្រះរាជាណាចក្រកម្ពុជាចូលជាសមាជិកអង្គការយូណេស្កូ
AKP ភ្នំពេញ ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥-
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានសម្ដែងនូវការ អបអរសាទរខួបលើកទី៧៤ ដែលព្រះរាជាណាចក្រកម្ពុជាចូលជាសមាជិកអង្គការយូណេស្កូ ( ៣ កក្កដា ១៩៥១ -៣ កក្កដា ២០២៥ )។

នៅលើបណ្ដាញទំនាក់ទំនងសង្គម នាព្រឹកថ្ងៃទី ០៣ ខែកក្កដា ឆ្នាំ២០២៥ សម្ដេចតេជោបានសរសេរថា ថ្ងៃនេះគឺជាខួប៧៤ឆ្នាំ ដែលកម្ពុជាចូលជាសមាជិករបស់អង្គការយូណេស្កូ (៣ កក្កដា ១៩៥១-៣ កក្កដា ២០២៥) ដែលអង្គការយូណេស្កូ គឺជាផ្នែកមួយរបស់អង្គការសហប្រជាជាតិ ត្រូវបានបង្កើតឡើងនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៤៥ មានបេសកកម្មពិសេសក្នុងការរក្សានូវសន្តិភាព និងសន្តិសុខក្នុងពិភពលោក ដោយលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងចំណោមប្រជាជាតិនានា តាមរយៈការអប់រំ វិទ្យាសាស្ត្រ វប្បធម៌ និងទំនាក់ទំនង។
សម្ដេចតេជោបន្តថា ចាប់តាំងពីកម្ពុជាបានចូលជាសមាជិករបស់អង្គការយូណេស្កូ កម្ពុជាបានចុះបញ្ជីនូវសម្បតិ្តបេតិកភណ្ឌរូបី,សម្បតិ្តបេតិកភណ្ឌអរូបី និងបញ្ជីស្មារតីចងចាំនៃពិភពលោកជាបន្តបន្ទាប់ ដើម្បីថែរក្សានូវទម្រង់ដើមនៃវប្បធម៌ ក៏ដូចជាមរតកឥតកាត់ថ្លៃដែលបានបន្សល់ទុកដោយដូនតាខ្មែរ៕
ដោយ៖ ជឹម ណារី





