ឯកឧត្តម ហែម វណ្ណឌី ស្វាគមន៍គម្រោងវិនិយោគក្នុងវិស័យទឹកស្អាតរបស់ក្រុមហ៊ុន Marubeni ដើម្បីរួមចំណែកគាំទ្រគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព
AKP ភ្នំពេញ ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៥-- ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥ បានទទួលជួបគណៈប្រតិភូសាជីវកម្ម Marubeni ដែលជាក្រុមហ៊ុនឈានមុខមួយរបស់ប្រទេសជប៉ុន និងបានពិភាក្សាអំពីគម្រោងវិនិយោគរបស់ក្រុមហ៊ុនក្នុងវិស័យទឹកស្អាតនៅកម្ពុជា ដោយផ្តោតលើការរួមចំណែកដល់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDG 6.1) ការសម្រេចបាននូវសាកលកម្ម និងសមធម៌ទឹកបរិភោគដែលមានសុវត្ថិភាព និងថ្លៃសមរម្យសម្រាប់ប្រជាជនទាំងអស់ត្រឹមឆ្នាំ២០៣០។


ក្នុងអំឡុងពេលនៃកិច្ចប្រជុំនេះ តំណាងក្រុមហ៊ុន Marubeni បានជម្រាបជូនអំពីប្រតិបត្តិការសាកលរបស់ខ្លួនក្នុងវិស័យផ្គត់ផ្គង់ទឹកស្អាត រួមទាំងប្រតិបត្តិការដែលបម្រើប្រជាជន១០លាននាក់នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ២លាននាក់នៅប្រទេសឈីលី និង១លាននាក់នៅក្នុងតំបន់ផ្សេងទៀត។ ក្រុមហ៊ុនបានបង្ហាញចំណាប់អារម្មណ៍ខ្ពស់ក្នុងការវិនិយោគលើផ្នែកហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតនៅប្រទេសកម្ពុជា ដោយអនុវត្តគំរូអាជីវកម្មស្រដៀងគ្នា សម្រាប់ទាំងតំបន់ទីក្រុង និងការពង្រីកទៅតំបន់ជនបទ។


ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ ក្រសួងឧស្សាហកម្ម)





