ការងារជួសជុលច្រាំងស្ទឹងសង្កែផ្នែកខាងឆ្វេងក្រោយសំណង់ស្ទាក់ទឹកសាលាតាអនសម្រេចបាន៩៥%ហើយ
AKP ភ្នំពេញ ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៥-- ឯកឧត្តម ប៉ុញ សច្ចៈ រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំមន្រ្តីបច្ចេកទេសគម្រោងកូរ៉េ ទីប្រឹក្សាបច្ចេកទេសកូរ៉េ និងប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង អញ្ជើញចុះពិនិត្យការងារជួសជុលច្រាំងស្ទឹងសង្កែផ្នែកខាងឆ្វេងក្រោយសំណង់ស្ទាក់ទឹកសាលាតាអន ស្ថិតក្នុងស្រុកឯកភ្នំ ខេត្តបាត់ដំបង នារសៀលថ្ងៃពុធ ទី២ ខែកក្កដា ឆ្នាំ២០២៥។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការបានមានប្រសាសន៍ថា ការងារជួសជុលច្រាំងស្ទឹងសង្កែត្រើយខាងឆ្វេងក្រោយសំណង់ស្ទាក់ទឹកសាលាតាអន ដោយក្រុមហ៊ុនកូរ៉េ ហើយការងារនេះសម្រេចបាន ៩៥% ដែលគ្រោងនឹងបញ្ចប់១០០% ក្នុងដំណាច់ខែកក្កដា ឆ្នាំ២០២៥នេះ។
ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានស្នើឱ្យក្រុមហ៊ុន និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង ជួយពិនិត្យមើលការសាងសង់ និងសម្អាតការងារឱ្យបានស្អាត និងជួយដាំកូនឈើលើដីដែលជាចំណែកនៃទំនប់ដើម្បីឱ្យមានសោភ័ណភាព និងរក្សាដីកុំឱ្យមានការំលោភកាន់កាប់សារជាថ្មីពីប្រជាពលរដ្ឋ៕


ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ ក្រសួងធនធានទឹក)





