រដ្ឋមន្ត្រីក្រសួងអប់រំ និងលោកស្រីភារធារីស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការលើវិស័យអប់រំនៅកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៥-- ការវិវត្តថ្មីៗនៃគោលនយោបាយគាំទ្រដល់វិស័យអប់រំនៅកម្ពុជារបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ក្នុងនោះរួមមាន បច្ចុប្បន្នភាពនៃស្ថានភាពជំនួយគាំទ្ររបស់សហរដ្ឋអាមេរិកសម្រាប់វិស័យអប់រំ ការភ្ជាប់ទំនាក់ទំនងការទូតសាធារណៈនាពេលខាងមុខ ស្ថានភាពកម្មវិធីរបស់ USAID និងការបន្តអនុស្សរណៈនៃការយោគយល់គ្នាជាមួយទីភ្នាក់ងារ Peace Corps ត្រូវបានលើកយកមកពិនិត្យ និងពិភាក្សារវាងឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោកស្រី Bridgette L. Walker ភារធារីស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា នៅទីស្តីការក្រសួងអប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៥នេះ។

នាឱកាសនោះ លោកស្រីភារធារីបានវាយតម្លៃខ្ពស់ចំពោះក្រសួងអប់រំ យុវជន និងកីឡាលើការផ្តល់កិច្ចសហប្រតិបត្តិការប្រកបដោយការយកចិត្តទុកដាក់ខ្ពស់នាពេលកន្លងមក ដែលជំរុញឱ្យរាល់គម្រោងក្នុងវិស័យអប់រំគាំទ្រដោយសហរដ្ឋអាមេរិកទទួលបានជោគជ័យ ព្រមទាំងបានគូសរំលេចពីភាពរីកចម្រើននៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ដែលឈានដល់ខួបគម្រប់៧៥ឆ្នាំនៃទំនាក់ទំនងការទូតរវាងកម្ពុជា និងសហរដ្ឋអាមេរិក ដោយប្រទេសទាំងពីរបានរួមគ្នាលើកកម្ពស់ទំនាក់ទំនងឱ្យល្អប្រសើរឡើងជាបន្តបន្ទាប់ ក្នុងនោះរួមមានការឈរលើគោលការណ៍គោរពគ្នាទៅវិញទៅមក សន្ទុះវិជ្ជមានលើវិស័យពាណិជ្ជកម្ម ការតភ្ជាប់រវាងប្រជាជន និងប្រជាជន និងកិច្ចសហប្រតិបត្តិការជាច្រើនទៀត។


ជាការឆ្លើយតប ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានបង្ហាញការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហរដ្ឋអាមេរិក ដែលបាននាំមកនូវបទពិសោធន៍ ចំណេះដឹង ជំនាញ និងនវានុវត្តន៍ជាច្រើនដល់វិស័យអប់រំនៅកម្ពុជា ជាពិសេសតាមរយៈកម្មវិធីទីភ្នាក់ងារ Peace Corps សហរដ្ឋអាមេរិកនៅកម្ពុជា មានគ្រូស្ម័គ្រចិត្តមកពីសហរដ្ឋអាមេរិកជួយបង្រៀនភាសាអង់គ្លេស និង ICT នៅតាមបណ្ដាខេត្តឆ្ងាយៗប្រកបដោយវឌ្ឍនភាព និងសមិទ្ធផលជាច្រើន ជាពិសេសសមិទ្ធផលដែលកើតចេញពីកិច្ចសហប្រតិបត្តិការកន្លងមករវាងទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) និងក្រសួងអប់រំ យុវជន និងកីឡា រួមមានការគាំទ្រដល់កម្មវិធីបណ្តុះបណ្តាលគ្រូ កញ្ចប់អំណានដំបូង និងគណិតវិទ្យាដំបូង កម្មវិធីផ្តល់អាហារូបករណ៍ ទស្សនកិច្ចសិក្សា Exchange Program និងការជួយដល់កំណែទម្រង់ឧត្តមសិក្សានៅកម្ពុជាជាដើម។

តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាលសហរដ្ឋអាមេរិកចំពោះការគាំទ្រដល់ការអភិវឌ្ឍកម្ពុជាស្ទើរលើគ្រប់វិស័យនាពេលកន្លងមក ជាពិសេសការលើកកម្ពស់វិស័យអប់រំ តាមរយៈការផ្តល់ឱកាសដល់យុវជនដើម្បីក្លាយជាកម្លាំងចលករដ៏សំខាន់ចូលរួមអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ ដោយគូសបញ្ជាក់នូវការរំពឹងទុកថានឹងមានកិច្ចសហប្រតិបត្តិការថ្មីៗជាច្រើនបន្ថែមទៀតនាពេលអនាគតលើវិស័យឧត្តមសិក្សា ទស្សនកិច្ចសិក្សា និងការផ្លាស់ប្តូរបទពិសោធន៍ ការចែករំលែកចំណេះដឹងក្នុងវិស័យអប់រំឌីជីថល ការបណ្តុះបណ្តាលគ្រូបង្រៀន និងការអភិវឌ្ឍជំនាញវិជ្ជាជីវៈ ដែលរៀបចំយុវជនកម្ពុជាឱ្យត្រៀមខ្លួនរួចរាល់សម្រាប់តម្រូវការទីផ្សារការងារជាក់ស្តែងក្នុងពេលបច្ចុប្បន្ន និងអនាគត៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





