កិច្ចប្រជុំឆ្លងរបាយការណ៍បូកសរុបការងារឆមាសទី១ និងទិសដៅអនុវត្តឆមាសទី២ ឆ្នាំ២០២៥ ក្រសួងការពារជាតិ
AKP ភ្នំពេញ ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៥--
កិច្ចប្រជុំឆ្លងរបាយការណ៍បូកសរុបការងារឆមាសទី១ និងទិសដៅអនុវត្តឆមាសទី២ ឆ្នាំ២០២៥ បានប្រព្រឹត្តទៅក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ចាយ សាំងយុន រដ្ឋលេខាធិការប្រចាំការ ក្រសួងការពារជាតិ កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥។

ក្នុងឆមាសទី១ ឆ្នាំ២០២៥នេះ កងយោធពលខេមរភូមិន្ទបានយកចិត្តទុកដាក់ពុះពារអនុវត្តភារកិច្ច របស់ខ្លួនតាមកម្មវិធីនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃ រដ្ឋសភា និងភារកិច្ចជាក់ស្តែងចំពោះមុខដោយសម្រេចបាននូវសមិទ្ធផលការងារធំៗមួយចំនួន៖ សភាពការណ៍យោធានៅតាមតំបន់ព្រំដែន កងយោធពលខេមរភូមិន្ទបានធ្វើល្បាតជាប្រចាំក្នុងភូមិសាស្ត្រ ទទួលខុសត្រូវរៀងៗខ្លួនសរុបបានចំនួន៦ ២៥៦លើក (ព្រំដែនកម្ពុជា-ថៃ២ ៣០៨លើក កម្ពុជា-វៀតណាម ២ ៤៩៤លើក កម្ពុជា-ឡាវ១ ៤៥៤លើក) ដើម្បីតាមដានត្រួតពិនិត្យ គ្រប់គ្រងសភាពការណ៍និងទប់ស្កាត់ បទល្មើសគ្រប់ប្រភេទនៅតាមតំបន់ព្រំដែននិងសកម្មភាពឆ្លងដែនខុសច្បាប់ទៅវិញទៅមក។ ចំពោះការប្រឈមមុខផ្នែកយោធានៅតំបន់ព្រំដែនកម្ពុជា-ថៃ កងទ័ពយើងបានបន្តឈរជើងនៅតំបន់ស្ថិត ក្នុងដែនអធិបតេយ្យរបស់កម្ពុជាដែលបានកាន់កាប់ជាយូរមកហើយ យើងរក្សានូវភាពអត់ធ្មត់ ប៉ុន្តែបានត្រៀម ខ្លួនជាស្រេចក្នុងការការពារបូរណភាពទឹកដីប្រឆាំងរាល់ការប៉ុនប៉ងឈ្លានពាននានា យើងមិនមានមហិច្ឆតាឈ្លានពានប្រទេសណាមួយនោះឡើយ។ យើងគាំទ្រដល់ការខិតខំស្វែងរកដំណោះស្រាយបញ្ហាដោយសន្តិវិធី និង គាំទ្រនូវជំហររបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយភាគីថៃ តាមរយៈតុលាការអន្តរជាតិនៅប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របីនិងតំបន់មុំបី។ សភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈក្នុងប្រទេស កងយោធពលខេមរភូមិន្ទបានម្ចាស់ការ និងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់និងបណ្តាស្ថាប័នរាជរដ្ឋាភិបាលពាក់ព័ន្ធនានាធ្វើការ បង្ការ ទប់ស្កាត់និងបង្ក្រាបសកម្មភាពបទល្មើសគ្រប់ប្រភេទនិងភាពអនាធិបតេយ្យផ្សេងៗ ពិសេសសកម្មភាព កាប់ទន្ទ្រានកាន់កាប់ដីខុសច្បាប់ បំផ្លិចបំផ្លាញធនធានធម្មជាតិ នេសាទខុសច្បាប់ គេចពន្ធនិងសកម្មភាព ជួញដូរប្រើប្រាស់គ្រឿងញៀន ដោយសម្រេចបាននូវលទ្ធផលល្អ។ ជាក់ស្តែងករណីបទល្មើសឧក្រិដ្ឋ បទល្មើស មជ្ឈិមកើតឡើងចំនួន១ ៨៧៩លើក កងយោធពលខេមរភូមិន្ទម្ចាស់ការបង្ក្រាបបានចំនួន១ ២៤០លើក។ ក្រៅពីនេះ បានសហការចូលរួមការពារសន្តិសុខសុវត្ថិភាពថ្វាយព្រះមហាក្សត្រ ជូនប្រមុខរាជរដ្ឋាភិបាល ថ្នាក់ ដឹកនាំ គណៈប្រតិភូអន្តរជាតិ ពិធីបុណ្យជាតិនិងព្រឹត្តិការណ៍នានា ពិសេសក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិជូនប្រជាពលរដ្ឋនៅគ្រប់ទិសទីក្នុងព្រះរាជាណាចក្រកម្ពុជាបានសប្បាយរីករាយ។

ការងារហ្វឹកហ្វឺន បណ្តុះបណ្តាលនិងបំប៉នជំនាញផ្សេងៗ បានបន្តធ្វើការហ្វឹកហ្វឺនវត្តឆ្នាំចាស់ និងអនុវត្ត ផែនការហ្វឹកហ្វឺនឆ្នាំ២០២៥ សរុបចំនួន១៥៨វត្តស្មើនឹង១២ ៥១០នាក់ និងសិក្ខាកាមបញ្ជូនទៅសិក្សានៅក្រៅ ប្រទេសមានចំនួន២ ៣៨៣នាក់ស្មើនឹង១៦ប្រទេស។ ទន្ទឹមនេះ បានយកចិត្តទុកដាក់ធ្វើការហ្វឹកហ្វឺននៅនឹង កន្លែងតាមបណ្តាកងឯកភាព ព្រមទាំងជំរុញការងារអប់រំរៀនសូត្រចិត្តសាស្ត្រនយោបាយ សតិអារម្មណ៍កងទ័ព និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ច្បាប់ផ្សេងៗ និងសភាពការណ៍ថ្មីៗ សរុបចំនួន២៦,២០៦លើក ស្មើនឹង៦២៣,៣៣២លើក/នាក់។
ការធ្វើលំហាត់ហ្វឹកហ្វឺន “នាគមាសឆ្នាំ២០២៥” រវាងកងយោធរាលខេមរភូមិន្ទ ជាមួយកងទ័ពរំដោះ ប្រជាជនចិន ក្រោមប្រធានបទ «ប្រតិបត្តិការប្រឆាំងអំពើភេរវកម្មរួម និងការសង្គ្រោះមនុស្សធម៌» លើគោកនិង អាកាស លើផ្ទៃសមុទ្រនិងអាកាស នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ ភ្នំជុំសែនរីករាយ ខេត្តកំពង់ឆ្នាំង និងនៅខេត្តព្រះសីហនុ ត្រូវបានពង្រីកទំហំកាន់តែធំពីមួយឆ្នាំទៅមួយឆ្នាំ ខ្លឹមសារកាន់តែស៊ីជម្រៅ និងចំនួនយោធិន យុទ្ធោបករណ៍កាន់តែច្រើន និងទំនើបជាងឆ្នាំមុនៗ បានដំណើរការនិងបញ្ចប់ដោយជោគជ័យតាម ការគ្រោងទុកទទួលបាននូវលទ្ធផលផ្លែផ្កា និងបទពិសោធន៍ថ្មីៗ ដោយឈរលើស្មារតីសាមគ្គីភាព មិត្តភាពនិង កិច្ចសហការល្អ។ បានបន្តយកចិត្តទុកដាក់អនុវត្តការរៀបចំសំណុំបែបបទរយោធិនពលី-មរណៈ ពិការ ចូលនិវត្តន៍ បាត់បង់ សមត្ថភាពការងារ ផ្ទេរទៅក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា ការងារកសាងច្បាប់ និងលិខិតបទដ្ឋានផ្សេងៗ ការងារធានាភស្តុភារ-ហិរញ្ញវត្ថុ, ការងារធានាគ្រឿងបំពាក់សម្ភារៈបច្ចេកទេស និងកែច្នៃជួសជុល ថែទាំលើកកម្ពស់សុវត្ថិភាពគុណភាពគ្រឿងបំពាក់, ការងារលើកកម្ពស់សុខុមាលភាពកងទ័ព និងគ្រួសារ, ការងារគ្រប់គ្រង និងធានាដល់ការប្រើប្រាស់បណ្តាញទំនាក់ទំនងបញ្ជូនសារ ព្រមទាំងការងារមួយចំនួនទៀត អនុវត្តបានល្អតាមផែនការ និងលទ្ធភាពជាក់ស្តែង។
ការងារកសាង និងជួសជុលបណ្តាញផ្លូវគមនាគមន៍ ស្ពាន លូ ប្រព័ន្ធធារាសាស្ត្រ និងសំណង់អគារគ្រប់ ប្រភេទ បានដំណើរការសម្រេចជាបន្តបន្ទាប់តាមផែនការ ក្នុងនោះបានសម្រេច១០០%ការកសាងស្តូបឈ្នះ ឈ្នះ កោះកុងទំហំ៤ ៣៥៦ម ផងដែរ។ ការងារទំនាក់ទំនងកិច្ចសហប្រតិបត្តិការអន្តរជាតិ មានទំហំលើសពីការរំពឹងទុក ការពង្រឹងនិងការពង្រីក កិច្ចសហប្រតិបត្តិការតាមរូបភាពរទ្វេភាគី ពហុភាគី និងកិច្ចការអាស៊ានផ្នែកយោធា ដំណើរការបានល្អតាម ផែនការនិងស្ថានភាពជាក់ស្តែង ស្របតាមនយោបាយការបរទេសរបស់កម្ពុជា។ ការអនុវត្តបែបបទការងារលិខិតស្នាម និងការដឹកនាំបញ្ជាតាមលិខិតស្នាម ត្រូវបានអនុវត្តតាមបែបបទ រដ្ឋបាលរហ័ស និងទាន់សភាពការណ៍ ព្រមទាំងមានការសហការអនុវត្តបានល្អនៅក្នុងកងយោធពលខេមរភូមិន្ទ។
វិមានឈ្នះ ឈ្នះ បានក្លាយជាគោលដៅមួយដ៏សំខាន់ និងមានការចាប់អារម្មណ៍ចូលមកទស្សនា សិក្សា រៀនសូត្រពីគ្រប់មជ្ឈដ្ឋានជាតិនិងអន្តរជាតិ។ ការបំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិ បច្ចុប្បន្នកម្ពុជាឈរលំដាប់លេខរៀងទី២៨ ក្នុងចំណោម១២០ប្រទេសបរិច្ចាគកម្លាំង និងលេខ៣ក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍។ ការបញ្ជូនកម្លាំងនារីឈរលំដាប់លេខរៀងទី១៣ ក្នុងចំណោម១២០ប្រទេសបរិច្ចាគកម្លាំង ស្ទួនជាមួយប៉ាគីស្ថាន និងលេខ២ក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ បន្ទាប់ពីប្រទេសឥណ្ឌូណេស៊ី។ ទន្ទឹមនេះ បានធ្វើជាម្ចាស់ផ្ទះ វគ្គហ្វឹកហ្វឺនភាពជាដៃគូត្រីភាគី (កម្ពុជា-ជប៉ុន-អសប) ឆ្នាំ២០២៥ ដែលជាកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា ជប៉ុន កូរ៉េ អូស្ត្រាលី អ.ស.ប ផងដែរ៕
ដោយ សំ សាម៉ន





