អាជ្ញាធររាជធានីភ្នំពេញទទួលស្វាគមលោកឪស៊ុច ខណៈព្រះតេជគុណមិនពេញចិត្ដការរស់នៅប្រទេសកំណើត
AKP ភ្នំពេញ ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៥--
ព្រះតេជគុណ លោកឪស៊ុច បាននិមន្តមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដោយទទួលស្វាគមន៍ពីសំណាក់ឯកឧត្ដម សុខ ពេញវុធ អភិបាលរង តំណាងឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ហើយព្រះតេជគុណស្ម័គ្រចិត្តវិលមករួមជីវភាពជាមួយកម្ពុជា ខណៈព្រះតេជគុណមិនពេញចិត្ដក្នុងការរស់នៅប្រទេសកំណើតព្រះអង្គ គឺប្រទេសថៃ។

នាវេលាម៉ោង១១ ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្ដម សុខ ពេញវុធ និងព្រះគ្រូនាគសត្ថា សុខុមោ នី សុវណ្ណមុនីរ៉េត តំណាងព្រះបវរមុនី ងិន ឃីម ព្រះចៅអធិការវត្តនាគវ័ន បាននិមន្ត និងជូនដំណើរព្រះតេជគុណ លោកឪស៊ុច ពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញមកដល់វត្តនាគវ័នក្នុងខណ្ឌទួលគោកប្រកបដោយសុវត្ថិភាព ហើយព្រះតេជគុណ លោកឪស៊ុច ជាព្រះសង្ឃមួយអង្គមានស្រុកកំណើតនៅខេត្តបូរីរាំ ព្រះរាជាណាចក្រថៃ។
ការនិមន្តមកប្រទេសកម្ពុជាពីសំណាក់ព្រះតេជគុណ លោកឪស៊ុច នាពេលនេះគឺក្រោយពីមានការស្វាគមន៍យ៉ាងកក់ក្តៅពីសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ខណៈព្រះអង្គនិមន្តមកដល់អាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ នាវេលាម៉ោង១០ និង១៥នាទីព្រឹក ថ្ងៃទី០២ កក្កដានេះ គេបានឃើញមានព្រះសង្ឃ និងតាជី យាយជី រាប់រយនាក់បាននិមន្ត និងអញ្ជើញមកទទួលស្វាគមន៍ព្រះតេជគុណផងដែរ។

ព្រះតេជគុណជាព្រះសង្ឃមួយអង្គដែលតែងតែមានសង្ឃដីកាពិត និងទេសនាអ្វីដែលជាសច្ចភាពបច្ចុប្បន្ន និងអនាគត ចែកជូនដល់ពុទ្ធបរិស័ទជានិច្ច ហើយអ្វីដែលលោកឪមានសង្ឃដីកាចុងក្រោយនេះ ក៏ជាពាក្យពិត ដែលធ្វើឱ្យថៃខ្លាចការពិត ខ្លាចសច្ចធម៌ មិនហ៊ានប្រឈមមុខនឹងច្បាប់អន្តរជាតិ។ ព្រះអង្គមានព្រះទ័យសប្បាយរីករាយណាស់ ព្រោះព្រះអង្គមិនមានបុណ្យស័ក្តអ្វីទេ តែត្រូវបានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និមន្តមកប្រទេសកម្ពុជា និងទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅបំផុត។ ចំពោះផែនការមកកម្ពុជាថាតើនឹងត្រូវនិមន្តបន្តទៅណានោះ ព្រះអង្គមានសង្ឃដីកាថាមិនទាន់មានគម្រោងទៅណានៅឡើយទេ៕
ដោយ សួស សំរិត





