ស្រុកភ្នំស្រួចបើកដំណើរដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងប្រើប្រាស់មូលនិធិឃុំឆ្នាំ២០២៥
AKP កំពង់ស្ពឺ ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៥--
រដ្ឋបាលខេត្តកំពង់ស្ពឺសហការជាមួយគណ:កម្មការលទ្ធកម្មឃុំក្នុងស្រុកភ្នំស្រួច បើកដំណើរដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាម៉េប្រើប្រាស់របស់មូលនិធិឃុំឆ្នាំ២០២៥ ដែលមានចំនួន៣ឃុំ ឃុំជាំសង្កែ ឃុំព្រៃរំដួល និងឃុំត្រែងត្រយឹង ស្ថិតក្នុងស្រុកភ្នំស្រួច នាថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៥ ក្រោមអធិបតីភាពលោក ខៀវ ជា មេឃុំជាំសង្កែ និងជាប្រធានលទ្ធកម្មឃុំ និងដោយមានការចូលរួមពីលោកនាយករងរដ្ឋបាលខេត្ត លោកមេឃុំ ក្រុមការងារបច្ចេកទេសខេត្ដ ក្រុមការងារបច្ចេកទេសគាំទ្រឃុំ ក្រុមហ៊ុនទទួលការសាងសង់ជាច្រើនក្រុមហ៊ុន និងអ្នកសារព័ត៌មានជាច្រើន នៅសាលប្រជុំសាលាស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ពិធីបើកដំណើរដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាម៉េប្រើប្រាស់របស់មូលនិធិឃុំឆ្នាំ២០២៥ នេះ រួមមាន ឃុំជាំសង្កែ ស្ថិតក្នុងស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺ ដែលមានក្រុមហ៊ុនចូលរួមដេញចំនួន ០៦ ក្រុមហ៊ុន ហើយការដេញថ្លៃក្នុងឃុំជាំសង្កែ បានទៅលើអ្នកម៉ៅការឈ្មោះ ជឹម សុខរ៉ាត់ ក្រុមហ៊ុន សុវណ្ណារីសំណង់រឹងមាំ ដែលដេញបានផ្លូវបេតុងអាមេមានប្រវែង ៣៧៦ ម៉ែត្រ ថវិកា១០១.០០០.០០០ រៀល។ ឃុំព្រៃរំដួល ដែលមានក្រុមហ៊ុនចូលរួមដេញចំនួន ០៧ក្រុមហ៊ុន ហើយការដេញថ្លៃក្នុងឃុំកាហែង បានទៅលើអ្នកម៉ៅការឈ្មោះ ម៉ុក ឆាយ ក្រុមហ៊ុន ហេង សុវត្ថឌី ដែលដេញបានផ្លូវសាងសង់បេតុអាមេមានប្រវែង ៣៨៤ ម៉ែត្រ ថវិកា ៩៨.០០០.០០០ រៀល។ ឃុំត្រែងត្រយឹង ដែលមានក្រុមហ៊ុនចូលរួមដេញចំនួន ០៨ក្រុមហ៊ុន ហើយការដេញថ្លៃក្នុងឃុំត្រែងត្រយឹង បានទៅលើអ្នកម៉ៅការឈ្មោះ ងួន តាយអុីង ក្រុមហ៊ុន ស្ថាបនាតាយអុីង ដែលដេញបានផ្លូវបេតុងអាមេមានប្រវែង ៥៤៥ ម៉ែត្រ ថវិកា ១៤០.៦១០.០០០ រៀល។

ក្នុងឱកាសបញ្ចប់ការដេញថ្លៃសាងសង់ផ្លូវខាងលើ លោក ខៀវ ជា បានណែនាំដល់ទីប្រឹក្សាបច្ចេកទេស និងក្រុមហ៊ុនទទួលការសាងសង់ប្រចាំការនៅការដ្ឋានផ្ទាល់ យកចិត្តទុកដាក់អនុវត្ត ឱ្យបានត្រឹមត្រូវ តាមបទដ្ឋានបច្ចេកទេស ដោយត្រូវធ្វើការកែលម្អឡើងវិញកន្លែងដែលខុសលក្ខណៈបច្ចេកទេស ឱ្យត្រូវតាមគំនូសប្លង់ដូចមានក្នុងកិច្ចសន្យាការងារ ក្នុងគោលបំណងធានាឱ្យបានផ្លូវជាប់ប្រកបដោយគុណភាព មានភាពធន់ និងប្រើប្រាស់បានយូរអង្វែង៕

ដោយ លឹម សាន្ត





